ក្លឹប Real Madrid បានធ្វើពិធីបង្ហាញខ្លួនជាផ្លូវការសម្រាប់លោក Lopetegui ដែលជាអ្នកចាត់ការថ្មីរបស់ក្លឹបហើយ បន្ទាប់ពីលោកត្រូវបានសហព័ន្ធអេស្ប៉ាញបណ្ដេញចេញពីតួនាទីគ្រូបង្វឹកក្រុមជម្រើសជាតិ។
អ្នកចាត់ការថ្មីខាងលើបាននិយាយក្នុងសន្និសីទថា៖ “ម្សិលមិញជាថ្ងៃមិនសប្បាយចិត្តបំផុតក្នុងជីវិតខ្ញុំ ចាប់តាំងពីម្ដាយខ្ញុំបានលាចាកលោកនេះទៅ។ ប៉ុន្តែថ្ងៃនេះវិញ គឺជាថ្ងៃដែលខ្ញុំរីករាយបំផុត។ ខ្ញុំចង់អរគុណដល់ប្រធានក្លឹប Real Madrid សម្រាប់ការជឿជាក់ និងផ្ដល់តម្លៃដល់រូបខ្ញុំ ឱ្យមកដឹកនាំក្រុមមួយនេះ។ ខ្ញុំដឹងថាខ្ញុំបានចូលក្លឹបអ្វី ហើយយើងមានមហិច្ឆតាកម្រិតណា។ យើងនឹងរួមគ្នាបង្កើតប្រវត្តិសាស្ត្របន្ថែមទៀត”។
លោក Lopetegui ត្រូវតែងតាំងជាអ្នកចាត់ការក្រុម Real Madrid ក្នុងកុងត្រារយៈពេល៣ឆ្នាំ។ បុរសដែលធ្លាប់ដឹកនាំក្រុមយុវជនជម្រើសជាតិអេស្ប៉ាញម្នាក់នេះ មានប្រវត្តិដឹកនាំខ្លាំង ពោលគឺ២០ប្រកួតជាមួយជម្រើសជាតិអេស្ប៉ាញ មិនដែលចាញ់នោះទេ ឈ្នះ១៤ ស្មើ៦ដង៕ប្រភព៖ MARCA