Kylian Mbappe យល់ថាក្រុមជម្រើសជាតិអេស្ប៉ាញ ជាក្រុមខ្លាំងមួយក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នេះ បើទោះជាពួកគេទើបតែបណ្ដេញគ្រូបង្វឹកចេញក៏ដោយ។
ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំខាងលើនេះ ជឿជាក់លើក្រុមជម្រើសជាតិបារាំងរបស់ខ្លួន ថានឹងអាចយកពានរង្វាន់ World Cup ត្រលប់ទៅស្រុកវិញបាន។ យ៉ាងណាមិញ ទន្ទឹមនឹងការជឿជាក់នេះដែរ រូបគេក៏គិតថាមានក្រុមមួយដែលនឹងធ្វើឱ្យបារាំងពិបាកដែរ គឺក្រុមជម្រើសជាតិអេស្ប៉ាញ។
“អេស្ប៉ាញជាក្រុមខ្លាំងមួយ ពីព្រោះពួកគេបានឈ្នះគ្រប់យ៉ាងទៅហើយ ក្នុងការប្រកួតពានរង្វាន់ធំៗនេះ។ យើងបាននិយាយគ្នាក្នុងក្រុមអំឡុងពេលហ្វឹកហាត់ចំពោះអេស្ប៉ាញនេះដែរ។ ពួកគេនៅតែ ជាក្រុមខ្លាំងមិនអាចមើលស្រាលបាន បើទោះជាពួកគេទើបតែបណ្ដេញគ្រូបង្វឹកចេញក៏ដោយ តែកីឡាករពួកគេនៅដដែល”។សម្ដីរបស់ ខ្សែប្រយុទ្ធលេងនៅក្លឹបអាជីព PSG ។
អេស្ប៉ាញក្នុងពានរង្វាន់ World Cup 2018 នេះ ពួកគេស្ថិតនៅពូលជាមួយ ព័រទុយហ្គាល់ ម៉ារ៉ុក និងអឺរ៉ង់។ ដោយរាត្រីនេះ ក្រុមម្ចាស់ជើងឯក World Cup 2010 នឹងត្រូវប៉ះជាមួយព័រទុយហ្គាល់ដែលជាក្រុមម្ចាស់ជើងឯក Euro 2016 ៕ប្រភព៖MARCA