ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន បង្ហាញទម្រង់លេងមិនសូវល្អនារដូវកាលថ្មីនៅម៉ាឡេស៊ី

កីឡាករឆ្នើមក្នុងក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ហាក់ពុំកាក់កបឡើយក្នុងការបង្ហាញទម្រង់លេងជាមួយក្រុម PKNS និង Terengganu F.C នៅលីគកំពូលម៉ាឡេស៊ី។

ចំពោះ វឌ្ឍនាកា បានបង្ហាញខ្លួនស្ទើរគ្រប់ការប្រកួតតាំងពីដើមរដូវកាលមក ប៉ុន្តែគេពុំត្រូវបានមើលឃើញថា ពុំមានភាពលេចធ្លោខ្លាំងឡើយ។ ក្នុងនោះអាចថា បញ្ហាចាស់កើតឡើង គឺមិត្តរួមក្រុមពុំសូវសហការបញ្ជូនបាល់ឲ្យ។ ក្នុងការបង្ហាញខ្លួន១៣ប្រកួតឲ្យក្លិបថ្មី គេស៊ុតបានតែ៣គ្រាប់គត់ ខណៈក្រុមកំពុងដុនដាបដោយធ្លាក់ទៅលេខ៦ក្នុងលីគពីការប្រកួតឈ្នះ៤ ស្មើ៤ និងចាញ់ដល់ទៅ៥។

ចំណែក ធារី ចន្ថាប៊ីន ដើមឡើយជាចំណែកស្ទើរមិនអាចខ្វះបានរបស់ Terengganu ប៉ុន្តែមួយរយៈចុងក្រោយនេះ ពេលដែលមានមានកូនខ្ចី ធារី ប្រហែលចំណាយពេលច្រើនលើការមើលថែមិត្តស្រី និងកូន ទើបធ្វើឲ្យទម្រង់លេង និងកម្លាំងធ្លាក់ចុះយ៉ាងគំហុគ។ ថ្មីៗនេះ ក្លិបម៉ាឡេស៊ីថែមទាំងសម្រេចចិត្តដាក់រូបគេចូលបញ្ជីកាត់ចេញ និងកំពុងសម្លឹងរកកីឡាករកូតាអាស៊ានថ្មីផងដែរ។ យ៉ាងណាក្តី ធារី នៅមានពេលពង្រឹងខ្លួនឡើងវិញ ដើម្បីបន្តរួមរស់នៅម៉ាឡេស៊ីដល់ចប់រដូវកាល។

គួរបញ្ជាក់ថា នេះជារដូវកាលទី២របស់ពួកគេ ដោយរដូវកាលមុន វឌ្ឍនាកា លេងឲ្យ Pahang ខណៈធារីបញ្ចប់រដូវកាលជាមួយ Terengganu និងឈានដល់ការបន្តកិច្ចសន្យាថ្មី។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT