កីឡាករគុនខ្មែរជើងចាស់ ស សី បាត់មុខពីសង្វៀនប្រដាល់តាំងពីពាក់កណ្ដាលឆ្នាំ ២០១៨ ម៉្លេះដោយផ្អែកលើវ័យកាន់តែជ្រេ កម្លាំងធ្លាក់ចុះ និង គ្រួសារផ្ទាល់ប្រាប់ថាឈប់វ៉ៃទៅកុំឲ្យខ្មាសក្មេងៗ ប៉ុន្តែ កីឡាករវ័យ ៣៧ ឆ្នាំរូបនេះកំពុងដុតដៃដុតជើងបង្ហាត់កូនប្រុសរបស់ខ្លួន និង ក្មេងៗមួយចំនួនក្នុងមូលដ្ឋាននៅភូមិ ស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្ដាល។
ការងាកមកបណ្ដុះបណ្ដាលយុវជនក្នុងវិស័យគុនខ្មែរគឺដោយសារក្ដីស្រលាញ់ និង រួមចំណែកអភិរក្សគុនខ្មែរហើយម្យ៉ាងទៀតភាពកើនឡើងនៃតម្លៃខ្លួនពីការឡើងរេញក៏ជាចំណែកមួយសម្រាប់ការជំរុញទឹកចិត្តនេះផងដែរ។ អតីតកូនសិស្សលោក អេ ភូថង បញ្ជាក់ថា ៖«ខ្ញុំចង់ឲ្យកូនខ្ញុំរៀន ផង និងហាត់ក្បាច់គុនប្រដាល់ផង។ កូនខ្ញុំឈ្មោះ សី កុសល់ ជាកូនទី២ អាយុ ១១ ឆ្នាំ រៀនថ្នាក់ទី៣។ ខ្ញុំបង្ហាត់កូនខ្ញុំ ប្រហែលជា ៥ ខែមកហើយ។ គេឆាប់ចេះ ឆាប់ចាំ ការវ៉ៃល្អ ប៉ុន្តែមិនទាន់ចេះប្រើទម្ងន់ដៃ ដៃគេនៅស្រាល តែវ៉ៃចេញបានលឿន។ ប្រហែលមួយ ឬ ពីរឆ្នាំទៀត បើរឹតតែល្អខ្ញុំនឹងស្វែងរកសង្វៀនឲ្យកូនខ្ញុំប្រកួត។ នេះជាឱកាសមួយដែលខ្ញុំបង្ហាត់កូនខ្ញុំ ព្រោះពីមុនតម្លៃខ្លួនតិចណាស់ មិនដូចឥឡូវទេឡើងរេញបានថ្លៃ ហើយ បើយើងខ្លាំង នោះតម្លៃខ្លួននឹងឡើងតាមហ្នឹងដែរ»។
កីឡាករដែលប្រឡូកលើសង្វៀនគុនចម្រុះបានចំនួន ៨ដងរូបនេះបានរៀបរាប់ទៀតថា ក្រៅពីកូនរបស់ខ្លួន លោកមានកូនសិស្សវ័យក្មេង ចំនួន ៧ នាក់ផ្សេងទៀតដែលកំពុងហាត់យ៉ាងសកម្ម។ ក្នុងនោះមានយុវជនគុនខ្មែរពីររូបអាយុ ១៧ និង ១៨ ឆ្នាំទទួលបានការបង្ហាត់ខ្លាំងក្លា និងត្រៀមចាប់គូឲ្យឡើងសង្វៀនទៀតផងនាពេលឆាប់ៗខាងមុខ ព្រោះថាសមត្ថភាពរបស់ពួកគេអាចឡើងវ៉ៃបានហើយ។
ដ្បិតជួបការលំបាកខ្លះៗលើការហ្វឹកហាត់ដោយសារតែខ្វះសម្ភារ ប៉ុន្តែលោកនៅតែក្រាញននាលក្នុងនាមជាគ្រូបង្វឹកដើម្បីលើកមុខមាត់នៅសហគមន៍របស់ខ្លួន និង ចង់ទទួលបានធនធានល្បីឈ្មោះកើតចេញពីស្រុកមុខកំពូលនៃទឹកដីខេត្តកណ្ដាល។ លោកសង្កត់ធ្ងន់ថា ៖«ខ្ញុំមានបាវសាក់មួយខ្ញុំទិញខ្លួនឯង ហើយសម្ភារមួយចំនួនបានពីលោកគ្រូ ហ៊ុន ច័ន្ទរាជ្យ នៃក្លិប Cambodian Top Team ផ្ដល់ឲ្យ ដូចជា ស៊ីប១គូ ហ្គង់សម្រាប់ក្មេងៗ ២គូ បង់រុំដៃ៣គូ ឧបករណ៍ពាក់ស្នងជើង២គូ និងកម្រាលហ្វឹកហាត់ជាដើម។ ប៉ុន្តែនៅខ្វះសម្ភារហាត់ជាច្រើនទៀតដូចជា សម្ភារសម្រាប់ធាក់ក្បាលពោះ និង ស៊ីបជាដើម។ យ៉ាងណាក្ដី យើងមានប៉ុណ្ណា គឺ ហាត់ប៉ុណ្ណឹងសិន ពេលណាខ្ញុំអាចលៃទិញបាន ខ្ញុំនឹងទិញបន្តបន្ទាប់ទៀត»។
ទោះបែបណាក៏ដោយ កីឡាករដែលទទួលចំណាត់ថ្នាក់លេខ៤ក្នុងកម្មវិធីប្រដាល់ខ្សែក្រវាត់នៅសង្វៀនស៊ីធីអិនកាល ១០ ឆ្នាំមុនបានដាក់គោលដៅមួយជាយូរមកហើយក្នុងការបង្កើតក្លិបប្រដាល់។ ឥឡូវនេះជិតចេញរូបរាង បន្ទាប់ពីទទួលលិខិតអនុញ្ញាតពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ពោលរង់ចាំតែលិខិតបញ្ជាក់ពីភូមិឃុំតែប៉ុណ្ណោះ។ ប៉ុន្តែក្លិបប្រដាល់នេះមិនទាន់ដឹងថាដាក់ឈ្មោះអ្វីឲ្យប្រាកដនោះ ដោយរង់ចាំការពិភាក្សាសិន។ អតីតកូនសិស្សរបស់លោក ឈិត សារឹម បញ្ជាក់អំពីជំហរនៃការបង្កើតក្លិបយ៉ាងដូច្នេះ៖«ខ្ញុំចង់ឃើញកីឡាករល្អៗចេញពីភូមិឃុំរបស់ខ្ញុំ ហើយ ខ្ញុំរីករាយពេលពួកទទួលបានតម្លៃខ្លួនច្រើនទៅថ្ងៃអនាគតព្រោះឥឡូវនេះប្រដាល់មានទីផ្សារ ហើយមិនដូចខ្ញុំកាលពីជំនាន់ខ្ញុំទេ»។
គួរដឹងដែរថា ស សី មានស្រុកកំណើតនៅឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្ដាល។ ថ្វីត្បិតចាប់អាជីពជាអ្នកប្រដាល់គុនខ្មែរតាំងពីថ្នាក់ទី ៥ ប៉ុន្តែ គេបានឡើងប្រកួតនៅសង្វៀនគុនចម្រុះចំនួន ៨ ដងក្នុងនោះ ឈ្នះ ៤ ដង និង ចាញ់ ចំនួន ៣ ដង គិតចាប់តាំងឆ្នាំ ២០១៦ មក។ បុរសកូន៤រូបនេះចាប់ផ្ដើមហ្វឹកហាត់ប្រដាល់ជាមួយគ្រូ ណុល នៅស្រុកមុខកំពូល, លោកគ្រូ សឹង សារិទ្ធ នៅក្លិបទ័ពជើងទឹក,គ្រូ អេ ភូថង នៅក្លិបអេភូថង និង គ្រូ ឈិត សារឹម នៅក្លិបក្រសួងការពារជាតិ មុនប្រកួតក្បាច់គុនចម្រុះនៅឆ្នាំ ២០១៦ ជាមួយគ្រូហ៊ុន ច័ន្ទរាជ្យ និង គ្រូបង្វឹកសញ្ជាតិអាមេរិក Fernando៕