Paulinho ដឹងច្បាស់ថាការបរាជ័យក្រោមថ្វីជើងអាល្លឺម៉ង់ ៧-១ នៅ World Cup 2014 នៅតែជាស្រមោលតាមក្រុមជម្រើសជាតិប្រេស៊ីលជានិច្ច ប៉ុន្តែនៅឆ្នាំ២០១៨នេះ ប្រេស៊ីលនឹងលុបបំបាត់វា។
World Cup 2014 ប្រេស៊ីលបានធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែរងភាពអាម៉ាស់ដោយសារតែចាញ់ក្រុមអាល្លឺម៉ង់ក្នុងលទ្ធផល ៧-១ ឯណោះ។ យ៉ាងណាមិញ ក្រោយពីបរាជ័យធ្ងន់កនេះហើយ ប្រេស៊ីលបានស្ដាមុខមាត់ឡើងវិញ ហើយឆ្នាំ២០១៨នេះ ពួកគេកឺជាក្រុមមានភាគរយខ្ពស់មួយថានឹងអាចលើកពាន World Cup បាន។
ខ្សែបម្រើប្រយុទ្ធ Paulinho សមាជិកម្នាក់ក្នុងក្រុមប្រេស៊ីលបាននិយាយថា៖ “យើងនៅតែមានសម្ពាធចំពោះការចាញ់៧-១ កាលពីលើកមុននោះ ត្បិតវាជាអតីតកាលហើយក៏ដោយ។ តែទោះជាយ៉ាងនេះក្ដី សម្រាប់ឆ្នាំនេះ យើងកំពុងធ្វើបានល្អ គ្រប់គូប្រកួតទាំងអស់សុទ្ធតែកំពុងមើលមកយើង។ យើងជាក្រុមមួយដែលគេគិតថាឈ្នះ ដូច្នេះយើងនឹងដើរតាមការស្រមៃរបស់យើង យកពាននេះលើកទី៦ឱ្យបាន”។
ប្រេស៊ីល ក្រោមការដឹកនាំរបស់លោក Tite នេះ កំពុងតែមានទម្រង់លេងប្រយុទ្ធញាក់សាច់តែម្ដង។ ពួកគេបានបំបាក់ក្រុមខ្លាំងៗជាច្រើន សូម្បីតែអាល្លឺម៉ង់ក៏ក្រុមសាំបា បានយកឈ្នះវិញរួចហើយដែរ ក្នុងប្រកួតមិត្តភាព ១-០៕ប្រភព៖ DailyMail