ព្រឹត្តិការណ៍ FIFA World Cup 2018 នឹងចាប់ផ្ដើមដំណើរការប្រកួតនារាត្រីនេះហើយ ដោយក្រុមម្ចាស់ផ្ទះរុស្ស៊ី ត្រូវប៉ះជាមួយក្រុមអារ៉ាប៊ីសាអ៊ូឌីត វេលាម៉ោង១០យប់នេះ។
រុស្សីជាក្រុមមួយដែលមិនទាន់ស្គាល់ជ័យជម្នះសោះ ក្នុងរយៈពេល៧ខែមកហើយ។ ពួកគេលេងបានត្រឹមចាញ់ និងស្មើ ប៉ុន្តែភាគច្រើននៃការប្រកួតនោះ សុទ្ធតែប៉ះជាមួយក្រុមខ្លាំងៗដូចជាអេស្ប៉ាញ ប្រេស៊ីល និងបារាំងជាដើម។ លោក Stanislav Cherchesov គ្រូបង្វឹកក្រុមរុស្ស៊ីបានបញ្ជាក់ថារាត្រីនេះ នឹងក្លាយជាការប្រកួតមួយដែលប្រជាជនរុស្ស៊ីរង់ចាំ។ អ្នកគ្រប់គ្នានឹងមកទស្សនាផ្ទាល់ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាមួយក្ដីរំពឹងខ្ពស់ទៅលើក្រុមជម្រើសជាតិ។
ដោយឡែកសម្រាប់ក្រុមអារ៉ាប៊ីសាអ៊ូឌីតវិញ លោករដ្ឋមន្ត្រី Turki al-Sheikh បានទៅនិយាយជាមួយកីឡាករនិងគ្រូបង្វឹកផ្ទាល់តែម្ដង។ លោកបានបញ្ជាក់ថានេះជាការប្រកួតមួយដែលប្រជាជន អារ៉ាប៊ីសាអ៊ូឌីតទាំងអស់ នឹងទស្សនាហើយគាំទ្រក្រុមជម្រើសជាតិ។ លទ្ធផលឈ្នះ គឺជាអ្វីដែលក្រុមទាំងមូលចង់បាន។
រុស្ស៊ី៥ប្រកួតចុងក្រោយ ចាញ់៣ដង និងស្មើ២ដង មិនទាន់ឃើញឈ្នះឡើយ ដោយឡែកសម្រាប់ក្រុម អារ៉ាប៊ីសាអ៊ូឌីតវិញ ៥ប្រកួតចុងក្រោយដូចគ្នា ពួកគេចាញ់២ដង ស្មើ១ដង និងឈ្នះបាន២ដង។ ក្រុមទាំងពីរនេះ ធ្លាប់ជួបគ្នាម្ដងហើយកាលពីឆ្នាំ១៩៩៣ ដោយគ្រានោះ អារ៉ាប៊ីសាអ៊ូឌីត បានយកឈ្នះក្នុងលទ្ធផល ៤-២៕ប្រភព៖ DailyMail