អ្នក​ជំនាញ​គុន​ចម្រុះ​​ថា​ ចាន់ ​រតនា ​អាច​ប្រជែង​​ខ្សែ​​ក្រវាត់​បាន​នៅ ​សង្វៀន​ ONE

អ្នក​​ជំនាញ​គុន​ចម្រុះ​​លោក​​ Alan Mccune ​​និង​ជា​គ្រូ​បង្វឹក​នៅ​ក្លឹ​ប្រដាល់​​ Phnom Penh MMA ​​​បាន​​ថ្លែង​ថា​ ​​កីឡាករ​ ចាន់ រតនា​ ​​អាច​ដណ្ដើម​ខ្សែ​ក្រវាត់​​ក្នុង​កម្រិត​​គីឡូ​​ Flyweight Champions ​ និង ​អាច​ក្លាយ​ជា​​​ម្ចាស់​ខ្សែ​ក្រវាត់​​ដំបូង​គេ​​សម្រាប់​កម្ពុជា​ទៀត​ផង​​លើ​សង្វៀន​កម្រិត​ពិភព​លោក​ ONE Championship ។ ​ការ​ថែ្លង​បែប​នេះ​បន្ទាប់​ពី​​លោក​ Alan Mccune ​​បាន​ទស្សនា​ការ​​​​ផ្សាយ​បន្ត​ផ្ទាល់​​​​ពេល​​ ចាន់​ រតនា​​ឈ្នះ​​ ​ជើង​ខ្លាំង​កីឡាករ​​​​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​ Rudy Agustian ​នា​​​​ល្ងាច​ថ្ងៃ​ទី​ ៣ ខែ ឧសភា​ ម្សិលមិញ​ លើ​សង្វៀនONE :FOR HONOR។

គ្រូ​បង្វឹក​សញ្ជាតិ​ស្កុតឡែន​ដែល​​បង្វឹក​គុន​ចម្រុះ​តាំង​ពី​ឆ្នាំ​ ១៩៩៦ ​មក​នោះ​​គូស​បញ្ជាក់​ទៀត​ថា៖«ចាន់ រតនា បាន​បង្ហាញ​​ថា​គេ​ជា​កីឡាករ​ល្អ​បំផុត​​ក្នុង​ពិភព​គុន​ចម្រុះ​​របស់​កម្ពុជា​នា​យប់​ម្សិលមិញ។ ​មួយ​ទៀត​ ​គេ​ពិត​ជា​ឆ្លាត​ណាស់​ដែល​អាច​​ដោះ​ខ្លួន​ និង ​ដោះ​ក្បាច់​ឃ្លេ​របស់ Rudy ​នៅ​ទឹក​ទី១ ​ពេល កីឡាករ​ឥណ្ឌូណេស៊ី​ ព្យាយាម​​​ផ្ដួល​​រូប​គេ​ម្ដង​ជា​ពីរ​ដង​​​នៅ​ទឹក​ដំបូង។​ ហើយ​ រតនា បាន​បង្ហាញ​ក្បាច់​អស្ចារ្យ​ណាស់​នៅ​ទឹក​ទី២​ ដោយ​ការ​ទាត់​កាត់​ និង​ ក្បាច់​ប្រដាល់​គុន​ខ្មែរ។»

គ្រូ​បង្វឹក​ដែល​​​រស់​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​រយៈ​ពេល​ ៧ ឆ្នាំ​​​មក​នេះ​​បន្ត​ថា​ ម្ចាស់​ក្លឹប​ «សិល្បៈ» បាន​សងសឹក​ឲ្យ​កូន​សិស្ស​របស់​ខ្លួន​ ​ខុន ស៊ីចាន់​ ​​បន្ទាប់​ពី​ ​ចាញ់ Rudy ​​ក្នុង​ទឹក​ទី១ ​កាល​ចុង​ខែ​ កុម្ភៈ​ ​ឆ្នាំ​ ២០១៩ កន្លង​ទៅ​នៅ​សិង្ហបុរី និង ​​បង្ហាញ​អំពី​មោទនភាព​ចំពោះ​​អ្នក​គាំទ្រ​​នៅ​កម្ពុជា​ទាំង​​មូល។ ជា​មួយ​គ្នា​នោះ​លោក​​បាន​កោត​សរសើរ​ថា​គ្រូ​បង្វឹក​របស់​ ចាន់ រតនា ​លោក ​Lorenzo ​បាន​បង្វឹក​​ រតនា ​យ៉ាង​ល្អ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​ ជា​ពិសេស​ក្បាច់​​គេច​ចេញ​ពី​ការ​ជាប់​ឃ្លេ។ ​​បន្ទាប់​ពី​​ការ​ទទួល​ជ័យជម្នះ​ ​ចាន់​ រតនា​ បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​​អ្នក​សារព័ត៌មាន​ថា ៖«​​​​ Rudy Agustian ​មាន​​កម្លាំង​ខ្លាំង​ក្នុង​ការ​​ចូល​ចាប់​ឃ្លេ ប៉ុន្តែ​​​ខ្ញុំ​​​បាន​​ហាត់​ខ្លាំង​​ក្នុង​​ក្បាច់​ដោះ​ឃ្លេ​នេះ​​បាន​នៅ​ទឹក​ទី១។ ​ពេល​ចូល​ទឹក​ទី២​ ខ្ញុំ​ព្យាម​វ៉ៃ​​មិន​ឲ្យ​ Rudy ចូល​ចាប់​ទេ​ ហើយ​ទឹក​​២​នេះ​ ភរិយា​ខ្ញុំ​ថា​ Rudy ​អស់​ហើយ​បុក​ទៅ​ ទើប​ខ្ញុំ​​​​ដើរ​ចូល​វ៉ៃ​យក​ឈ្នះ​តែ​ម្ដង។ ​ហើយ​បើ​ដល់​ទឹក​ទី៣​​ គាត់​ក៏​គ្មាន​​ស៊ុហ្វ​ដែរ​ ព្រោះ​គាត់​ធ្លាក់​កម្លាំង​តាំង​ពី​ទឹក​ទី២។ ​បើ​មិន​ឈ្នះ​​ទឹក​២ ​ក៏​ខ្ញុំ​នៅ​​ឈ្នះ​ទឹក​ទី៣​ដែរ»។ ​

​នៅ​​សង្វៀន​ ONE: FOR HONOR ​នា​ថ្ងៃ​ទី​ ៣ ឧសភា​ ​​ចាន់ រតនា​ ​​វ៉ៃ​ ​កីឡាករ​​​សញ្ជាតិ​ឥណ្ឌូណេស៊ី​ឲ្យ​ចុះ​ចាញ់​ ត្រឹម​ទឹក​ទី២។ ចំណែក ​នៅ ស្រីពៅ​ ​​​​ចាញ់​ពិន្ទុ​កីឡាការិនី​​សញ្ជាតិ​​ឥណ្ឌូណេស៊ី​​មាន​បទ​ពិសោធន៍​ច្រើន​វ័យ​​​៣០​ឆ្នាំ​​ Priscilla Hertati Lumban Gaol។ ​​រី​ឯ​​​កីឡាករ​ថៃ​ Sam-A ​ដែល​មាន​​ស្រុក​កំណើត​នៅ​​បុរីរ៉ុំា ​និង ​និយាយ​ខ្មែរ​បាន​ច្រើន​នោះ​​របូត​ខ្សែ​ក្រវាត់​​ ONE SUPER SERIES FLYWEIGHT WORLD CHAMPION ដោយ​ចាញ់​ពិន្ទុ​​កីឡាករ​​មក​ពី​ចក្រភព​អង់គ្លេស Jonathan Haggerty៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT