វីដេអូជំនួយអាជ្ញាកណ្ដាល (VAR) នឹងត្រូវដាក់ឱ្យដំណើរការហើយក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីនេះ។
ការដាក់ VAR នេះ ត្រូវបាន FIFA បញ្ជាក់ថានឹងជួយសម្រួលច្រើនដល់ការប្រកួតឱ្យកាន់តែយុត្តិធម៌។ យ៉ាងណាមិញ ចំពោះអាជ្ញាកណ្ដាលវិញ សម្រាប់អ្នករត់ខ្សែបន្ទាត់ នឹងមិនអនុញាតិឱ្យលើកទង់ Offside ដូចរាល់ដងឡើយ។ ផ្ទុយទៅវិញ ពួកគេឃើញបាល់ Offside ត្រូវរាយការណ៍ទៅអាជ្ញាកណ្ដាលក្នុងទីលាន ដើម្បីត្រួតពិនិត្យឡើងវិញ ដោយប្រើបច្ចេកវិទ្យា VAR ។
លោក Pierluigi Collina ប្រធានក្រុមការងារអាជ្ញាកណ្ដាលនៅ World Cup ឆ្នាំនេះបាននិយាយថា៖ “ប្រសិនបើអ្នកគាំទ្រឃើញជំនួយការអាជ្ញាកណ្ដាលខ្សែបន្ទាត់មិនលើកទង់ Offside នោះវាមិនមែនជារឿងខុសនោះទេ។ ពីព្រោះគាត់កំពុងគោរពទៅតាមការណែនាំ ដែលតម្រូវឱ្យទម្លាក់ទង់ចុះជានិច្ច។ យើងនឹងប្រើបច្ចេកវិទ្យា VAR ដើម្បីតាមដានការប្រកួត។ ប្រសិនបើអាជ្ញាកណ្ដាលមិនបានលើកទង់ ហើយការលេងចេះតែទៅមុខ រហូតមានគ្រាប់បាល់។ ក្រោយស៊ុតចូលទី យើងនឹងពិនិត្យមើល VAR ថាតើមានកំហុសឬអត់?”។
ការប្រើវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) នេះ កំពុងតែធ្វើឱ្យគ្រូបង្វឹកនិងកីឡាករមួយចំនួនមិនពេញចិត្តឡើយ ត្បិតអីវានឹងធ្វើឱ្យការប្រកួត មិនរលូនទៅមុខដូចរាល់ដង។ យ៉ាងណាមិញ FIFA បានបញ្ជាក់ថានេះជាវិធីល្អបំផុត ដើម្បីឱ្យបាល់ទាត់កាន់តែយុត្តិធម៌៕THESUN