Lopetegui អ្នកចាត់ការថ្មីរបស់ក្រុម Real Madrid បាននិយាយថាកីឡាករ Lionel Messi គឺជាខ្សែប្រយុទ្ធល្អបំផុតក្នុងលោកនេះ ដែលលោកធ្លាប់ស្គាល់។
ក្លឹប Real Madrid បានតែងតាំងលោក Lopetegui មកដឹកនាំក្រុមក្នុងកុងត្រារយៈពេល៣ឆ្នាំ។ ដោយការដឹកនាំនេះ នឹងចូលមកដល់នាចប់ព្រឹត្តិការណ៍ World Cup សិន ព្រោះថាលោក Lopetegui កំពុងដឹកនាំជម្រើសជាតិអេស្ប៉ាញ។ មុនឈានជើងចូលដឹកនាំក្រុម Real អ្នកចាត់ការថ្មីនេះធ្លាប់បាននិយាយសរសើរដល់ Messi ជាខ្លាំង ថាជាកីឡាករល្អជាងគេដែលខ្លួនបានស្គាល់។
“ Messi ជាកីឡាករល្អជាងគេដែលខ្ញុំបានស្គាល់។ វាពិតជាពិបាកណាស់ក្នុងការស្វែងរកកីឡាករណាម្នាក់មានសមត្ថភាពដូចគាត់ម្ដងទៀត”។ សម្ដីរបស់លោក Lopetegui ។ យ៉ាងណាមិញ ចំពោះ Ronaldo វិញ លោកក៏បាននិយាយដែរថាខ្សែប្រយុទ្ធរូបនេះកំពុងធ្វើបានល្អខ្លាំងមែនទែន ក្នុងជំនាន់របស់ខ្លួន ហើយថែមទាំងជួយក្រុមបានច្រើនថែមទៀត។ មានតែរូបគេម្នាក់គត់ដែលអាចប្រជែងយកពានរង្វាន់ផ្ទាល់ខ្លួនជាមួយ Messi បាន។
លោក Lopetegui គឺជាអតីតអ្នកចាំទីក្រុម Real Madrid Castilla ដោយបង្ហាញខ្លួនបាន៦១ប្រកួត និងលេងឲ្យឈុតធំ Real Madrid បាន១ប្រកួតដែរ។ ក្នុងអាជីពជាអ្នកចាត់ការវិញលោកធ្លាប់ដឹកនាំ Real Madrid B ១រដូវកាល និងដឹកនាំក្រុមអេស្ប៉ាញតាំងពីឈុត U19 ដល់ U21 និងចុងក្រោយគឺឈុតធំ៕ប្រភព៖ MARCA