ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ថ្នាក់ខេត្ត កាលពីពាក់កណ្ដាលសប្ដាហ៍កន្លងទៅ នៅលើទីលាន៨ខេត្តផ្សេងគ្នា ស្រូបទាញបានអ្នកចូលទស្សនាសរុបជិត៤០០០នាក់ ក្នុងនោះកីឡដ្ឋានខេត្តរតនគិរីទទួលបានអ្នកចូលទស្សនាច្រើនជាងគេ រហូតដល់ទៅ ១០៤២នាក់។
ក្រៅពីរតនគិរីឈរតំណែងកំពូលគេលើស្ថិតិអ្នកទស្សនា ក្រុមស្ថិតក្នុងលេងរៀងទី២ គឺខេត្តត្បូងឃ្មុំ ក្នុងការប្រកួតទល់និងពោធិ៍សាត់ មានអ្នកទស្សនាប្រមាណ៩០០នាក់ ដែលភាគច្រើនជាបងប្អូនខ្មែរឥស្លាម ខណៈចំណាត់ថ្នាក់លេខ៣ បានទៅការប្រកួតរវាងម្ចាស់ផ្ទះខេត្តកែបជាមួយបន្ទាយមានជ័យ មានអ្នកទស្សនា៥៧២នាក់។
ខាងក្រោមនេះស្ថិតិអ្នកចូលរួមទស្សនាផ្ទាល់ តាមបណ្ដាការប្រកួតនីមួយៗ៖
ខេត្តសៀមរាប ជាមួយ ខេត្តកំពង់ស្ពឺ ៣០០នាក់
ខេត្តព្រៃវែង ជាមួយ ខេត្តបាត់ដំបង ២៨៥នាក់
ខេត្តកែប ជាមួយ ខេត្តបន្ទាយមានជ័យ ៥៧២នាក់
ខេត្តត្បូងឃ្មុំ ជាមួយ ខេត្តពោធ៏សាត់ ៩០០នាក់
ខេត្តកំពត ជាមួយ មណ្ឌលគិរី ២៥០នាក់
ខេត្តកំពង់ធំ ជាមួយ ខេត្តព្រះវិហារ ១០០នាក់
ខេត្តរតនគិរី ជាមួយ ខេត្តតាកែវ ១០៤២នាក់
ខេត្តកោះកុង ជាមួយ ខេត្តស្វាយរៀង ៥៣០នាក់
គួរឲ្យដឹងដែរថា ក្រុមបានឡើងទៅ៨វគ្គចុងក្រោយ សុទ្ធតែជាម្ចាស់ផ្ទះកាលវគ្គ១៦ក្រុម។ ក្រុមទាំង៨នឹងត្រូវបានចាប់ឆ្នោតជ្រើសគូប្រកួត រៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នាថ្ងៃចន្ទ ទី២៩ មេសាខាងមុខនេះ។
ការប្រកួតវគ្គ១/៤ផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្ដេចតេជោថ្នាក់ខេត្ត នឹងបន្តធ្វើនៅកីឡដ្ឋានរបស់ខេត្តជាម្ចាស់ផ្ទះ មុនប្ដូរទៅប្រកួតនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ពេលចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ៕