ទៀង ទីនី បារម្ភបញ្ហាទីលានស្វាយធំ ក្នុងជំនួបជាមួយថៃហ្គឺចុងសប្តាហ៍នេះ

ក្លិបកីឡាបាល់ទាត់ វិសាខា នឹងត្រូវជួបក្លិបអង្គរថាយហ្គឺរ នារសៀលថ្ងៃទី២៨ ខែមេសា ចុងសប្ដាហ៍នេះ ក្នុងសប្ដាហ៍ទី៥ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៩ នៅកីឡដ្ឋានស្វាយធំ ។ ទន្ទឹមជាមួយគ្នា កីឡាករ ទៀង ទីនី ប្រធានក្រុម នៃក្លិបកីឡាបាល់ទាត់ វិសាខា បានសម្ដែងការសប្បាយចិត្ត និងអះអាងថា បានត្រៀមខ្លួនរួចរាល់ផងដែរ ចំពោះការប្រកួតក្រៅដីលើកទី២ ដែលជាការប្រកួតលើទឹកកំណើតខ្លួននេះ ។

ខ្សែការពារមានស្រុកកំណើតនៅខេត្តសៀមរាបរូបនេះ និយាយថា៖ ជួបក្រុមអង្គរថាយហ្គឺរថ្ងៃអាទិត្យនេះ យើងមានក្ដីបារម្ភមួយចំនួន ដូចជាបញ្ហាទីលាន ហើយពួកគាត់មានកីឡាករមានបទពិសោធន៍ច្រើន ដូចជាកីឡាករជប៉ុនជាដើម ។ តែយ៉ាងណាក្រុមយើង ក៏បានត្រៀមខ្លួនហើយដែរ ដើម្បីលេងជាមួយពួកគាត់ ទៅតាមស្ថានភាពទីលានជាក់ស្ដែង ។ អញ្ចឹងខ្ញុំគិតថា ការប្រកួតចុងសប្ដាហ៍នេះនឹងជក់ចិត្ត ហើយខ្ញុំប្ដេជ្ញាចិត្តនឹងធ្វើឲ្យបានល្អបំផុត ដើម្បីជួយក្រុមទទួលបានលទ្ធផលល្អ ។

ពាក់ព័ន្ធនឹងអ្នកគាំទ្រវិញ កីឡាករវ័យ ៣៣ឆ្នាំដដែលថា៖ និយាយរឿងអ្នកគាំទ្រ ខ្ញុំគិតថា មានទាំងផលវិជ្ជមាន និងអវិជ្ជមាន ។ អវិជ្ជមាន គឺខ្ញុំខ្លាចពេលមានអ្នកគាំទ្រច្រើន កីឡាករយើង ប្រមូលអារម្មណ៍មិនបានល្អ ឯវិជ្ជមាន ខ្ញុំគិតថា បើមានអ្នកគាំទ្រច្រើនកាន់តែល្អ ព្រោះវាជាការចូលរួមលើកទឹកចិត្ត និងជំរុញការអភិវឌ្ឍន៍បាល់ទាត់កម្ពុជាឲ្យរីកចម្រើន ។ ចឹងខ្ញុំសូមអំពាវនាវអ្នកគាំទ្រក្លិបទាំងពីរ កុំភ្លេចចូលរួមឲ្យបានច្រើនកុះករ ដើម្បីផ្ដល់កម្លាំងចិត្តដល់កីឡាករ ក្នុងការប្រកួតលើទឹកដីអង្គរនេះ» ។

គួរបញ្ជាក់ថា នេះគឺជាការប្រកួតសប្ដាហ៍ទី៥ ក្នុងពានមិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៩ របស់ក្លិបកីឡាបាល់ទាត់ វិសាខា គ្រាដែលលទ្ធផល ៤ប្រកួតកន្លងមក រួមមានស្មើក្លិបសូលទីឡូអង្គរ ០-០(ក្នុងដី), ឈ្នះក្លិបគិរីវង់សុខសែនជ័យ ២-០(ក្នុងដី), ឈ្នះក្លិបភ្នំពេញក្រោន ៣-១(ក្រៅដី) និងឈ្នះក្លិបអគ្គិសនីកម្ពុជា ៤-០(ក្នុងដី) ដែលធ្វើឲ្យក្លិបកីឡាបាល់ទាត់ វិសាខា រក្សាកៅអីចំណាត់ថ្នាក់លេខ៣ បណ្ដោះអាសន្នដោយមាន ១០ពិន្ទុ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT