ខ្សែបម្រើប្រយុទ្ធ សារី ម៉ាត់ណូរ៉ូទីន បានបង្ហាញក្ដីរំពឹងថា អាចរួមចំណែកបានច្រើននៅតំបន់បញ្ចប់ទីរបស់វិសាខា ក្រោយជាពីរបួសជង្គង់ និងបានចូលលេងនៅវគ្គទី២ ពេលឈ្នះអគ្គិសនីកម្ពុជា ៤ទល់នឹង០ កាលថ្ងៃសៅរ៍ ទី២០ ខែមេសា ជំនួប Metfone Cambodian League សប្ដាហ៍ទី០៤។
អតីតសមាជិកណាហ្គាវើលដ៍ បានស្ថិតនៅក្រៅទីលានតាំងពាក់កណ្ដាលខែមករា ដោយសាររបួសជង្គង់ ធ្វើឲ្យរូបគេខកខានជួយក្រុមដឹកនាំដោយគ្រូបង្គោល ហុក សុជីវ័ន ៣ប្រកួតដំបូងនៅរដូវកាលថ្មី២០១៩។
ណូរ៉ូទីន សង្កត់ធ្ងន់បែបនេះ ៖”ខ្ញុំមានអារម្មណ៍ស្ដាយដែរ ព្រោះរបួសក៏ធ្ងន់ដែរ តែពេលខ្ញុំត្រលប់មកវិញ ខ្ញុំនឹងប្រឹងប្រែងឲ្យខ្លាំងលើសពីសមត្ថភាពរបស់ខ្ញុំនៅតំបន់បញ្ចប់ទីដើម្បីរកលទ្ធផលល្អៗសម្រាប់ខ្ញុំ។ សម្រាប់ប្រកួតដំបូងនេះ គឺគ្រូដាក់ខ្ញុំដើម្បីឲ្យសុំានឹងប្រកួតក្រោយៗទៀត អ៊ីចឹងខ្ញុំនឹងព្យាយាមដើម្បីឲ្យបានលេងនៅប្រកួតក្រោយៗទៀត”។
អតីតសមាជិកអាស៊ីអឺរ៉ុបយូណាយធីត និងភ្នំពេញក្រោន អះអាង មិនមានភាពស្មុគស្មាញឡើយក្នុងការយល់ចិត្តមិត្តរួមក្រុមថ្មី ព្រោះធ្លាប់លេងជាមួយកីឡាករមួយចំនួននៅក្លិបមុនៗ និងនៅជម្រើសជាតិកម្ពុជា។
គួរដឹងដែរថា សារី ម៉ាត់ណូរ៉ូទីន បានទៅវិសាខា នៅរដូវកាល២០១៩ ក្រោយរួមចំណែកជួយណាហ្គាវើលដ៍ ឈ្នះជើងឯក Metfone Cambodian League 2018៕