ខុនស៊ីចាន់៖ ​ ចាន់ រតនា ​អាចឈ្នះទឹកទី១​ បើចូលទឹក២ទៅ Rudy Agustian ហើយ

ជើងខ្លាំង ចាន់​ ​រតនា ​នឹង​ត្រូវ​ប្រឈមតទល់​​​​កីឡាករ​ម្ចាស់​ផ្ទះ​​ Rudy Agustian ​​នៅ​លើ​​សង្វៀន​ ONE: FOR HONOR ​​នៅ​ថ្ងៃ​ទី​ ៣ ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​ នា​​រដ្ឋធានី​​ ហ្សាកាតា​​ ​ប្រទេស​ ឥណ្ឌូណេស៊ី។

ទាក់ទិនជំនួបនេះ ខុន ស៊ីចាន់ ​ដែល​​ចាញ់​ក្រោម​​ក្បាច់​ឃ្លេ​របស់​ Rudy កាល​ខែ​កុម្ភៈ​ ត្រឹម​ទឹក​ទី១​ នោះ​បាន​​​​បញ្ចេញ​មតិ​ថា​ ៖«​ខ្ញុំ​លំបាក​សន្និដ្ឋាន​បន្តិច​ គូ​នេះ ​ព្រោះ​ចាន់ រតនា​ គីឡូ​គាត់​​ធំ​​ ​ហើយ​​គាត់​​បញ្ចុះ​មក​ ៦១​ គីឡូក្រាម​ ដូច្នេះ​ឆាប់​​​អស់​កម្លាំង​ណាស់។ ខ្ញុំ​​សង្ឃឹម​​ថា​គាត់​អាច​ឈ្នះ​ត្រឹម​​ទឹក​ទី១​ ​​តែ​បើ​ចូល​ទឹក​ទី២​ និង ទី៣​អាច​ចាញ់​គេ​ហើយ។ ខ្ញុំ​ជឿ​ជាក់​លើ​គាត់​ត្រឹម​តែ​ ១ ​ទឹក​ប៉ុណ្ណោះ»។

​​

កីឡាករ​មក​ពី​ក្លឹប​​ Phnom Penh MMA ​រូប​នេះ​​បញ្ជាក់​ទៀត​ថា​ ​ជំនាញ​របស់​ Rudy ​ល្អ​ចាប់​​​ល្អ​គាប​ ប៉ុន្តែ​​​ជំនាញ​ ឈរ​វ៉ៃ​ និង ​តិកនិក​វ៉ៃ​ ចាញ់​ ​​​ចាន់ រតនា​ ទេ។ ​ ​​អ្នក​លេង​គុន​ខ្មែរ​និង​គុន​ចម្រុះ​រូប​នេះ​​នៅ​តែ​មាន​ជំនឿ​​ចិត្ត​​លើ​មិត្ត​រួម​​ជាតិ​ថា​អាច​សងសឹក​ជំនួស​ខ្លួន​បាន​ បើ​សិន​ប្រើ​ក្បាច់​ខ្មែរ​បុរាណ​​ឲ្យ​បាន​ច្រើន ​និង​ មិន​​ឲ្យ​គេ​ចូល​ចាប់​​បាន​ ​ពោល​អាច​​ឈ្នះ​ដល់​ ៩០%​ ឯណោះ។

​នៅ​ថ្ងៃ​ទី​ ៣ ខែ​ ឧសភា​ ឆ្នាំ​ ២០១៩ ​ខាង​មុខ​នា​​រដ្ឋធានី​ហ្សាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី​​ មិន​​ត្រឹម​តែ Rudy Agustian និង​ ចាន់ រតនា ​ធ្វើ​ឲ្យ​កក្រើក​អ្នក​គាំទ្រ​នៅ​​កម្ពុជា​ទេ​ ប៉ុន្តែ ​ថែម​ទាំង​​មាន​​កីឡាការិនី​ជម្រើស​ជាតិ​ នៅ ស្រីពៅ​ ​ប៉ះ​ កីឡាការិនី​ម្ចាស់​ផ្ទះ​ Priscilla Hertati Lumban Gaol ​ទៀត​ផង​នៅ​សង្វៀន ONE: FOR HONOR៕ ​​

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT