Luka Modric ចង់ឈ្នះពានរង្វាន់មួយជាមួយក្រុមជម្រើសជាតិក្រូអាត ដោយហាននិយាយថាប្រសិនបើអាចដូរបាន រូបគេនឹងយកពានរង្វាន់ឈ្នះនៅ Real Madrid ខ្លះ មកដូរដោយមិនស្ដាយឡើយ។
កីឡាករវ័យ៣២ឆ្នាំ បានឈ្នះពានរង្វាន់១៤ពានហើយជាមួយក្រុមអាជីព Real Madrid បន្ទាប់ពីរូបគេចូលរួមជាមួយក្រុមនេះនៅឆ្នាំ២០១២។ កំណត់ត្រាល្អបំផុតរបស់រូបគេ គឺអាចឈ្នះពានរង្វាន់ UEFA Champions League បាន៣ឆ្នាំជាប់គ្នាតែម្ដង ដែលមិនមានក្លឹបណាអាចធ្វើបានឡើយ។
ធ្វើបានល្អនៅក្លឹបអាជីពនេះមែន ប៉ុន្តែ Modric ចង់ជោគជ័យជាមួយជម្រើសជាតិក្រូអាតរបស់ខ្លួនទៀត ត្បិតអីពួកគេមិនទាន់បានឈ្នះពានរង្វាន់អ្វីមួយនៅឡើយទេ។ “ខ្ញុំចង់ដូរពានរង្វាន់ខ្លះដែលខ្ញុំបានធ្វើបាននៅ Real Madrid ដើម្បីឱ្យមានការជោគជ័យមួយនៅជម្រើសជាតិក្រូអាត។ នេះជាបំណងប្រាថ្នាមួយសម្រាប់ខ្ញុំ មុនចូលនិវត្តន៍”។
Modric ជាប់ឈ្មោះជាកីឡាករល្អជាងគេនៅក្រូអាត៦ឆ្នាំជាប់គ្នាហើយ។ ខណៈដែលព្រឹត្តិការណ៍ World Cup នេះ រូបគេក៏បានចូលរួមជាមួយជម្រើសជាតិបាន៣ដងមកហើយដែរ ប៉ុន្តែមិនទាន់ជោគជ័យឡើយ។ សម្រាប់ឆ្នាំនេះវិញ ពួកគេស្ថិតនៅពូល ជាមួយក្រុមអាហ្សង់ទីន អីស្លង់ និងនីហ្សេរីយ៉ា។ ពូលនេះ ក្រូអាតមានឱកាសបានឡើងទៅវគ្គ១៦ក្រុមបាន៕ប្រភព៖ DailyMail