ឈ្នះអគ្គិសនីកម្ពុជា៤-០មែន តែគ្រូវិសាខាថាក្រុមធ្វើពុំទាន់បានល្អដូចដែលបានរៀបចំទុក

ក្លិបកីឡាបាល់ទាត់ វិសាខា បានទទួល ៣ពិន្ទុពេញ ពីការប្រកួតក្នុងដីលើកទី៣ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ សប្ដាហ៍ទី៤ ក្រោយយកឈ្នះក្លិបអគ្គិសនីកម្ពុជា(EDC) ដោយលទ្ធផល ៤-០ កាលពីយប់មិញ នៅកីឡដ្ឋានវិសាខា ដែលធ្វើឲ្យគ្រូបង្គោលលោក ហុក សុជីវ័ន មានការសប្បាយចិត្តជាខ្លាំង ដ្បិតតង់ទី១ កូនក្រុមរបស់ខ្លួន មិនអាចបញ្ចប់ទីបានច្រើន ដូចការបង្កើតឱកាសក៏ដោយ ។

លោក ហុក សុជីវ័ន បាននិយាយក្រោយចប់ការប្រកួតថា៖ តង់ទី១ យើងបង្កើតឱកាសបានច្រើន តែអត់សូវសម្រេចផល ដោយសារទម្រង់លេងគេចុះស្ទើរទាំងអស់ គេទុកតែម្នាក់ សម្រាប់វាយបក ចឹងយើងពិបាកលេង ពេលគេលេងបែបនេះ ។ ម្យ៉ាងការរៀបចំរបស់យើង អត់តាមអ្វីដែលយើងចង់បាន ១០០% ទៀត… ។ ដូចខ្ញុំនិយាយពីមុនចឹង ប្រកួតក្រោយចូលឆ្នាំថ្មី សំខាន់លើក្រុមណា ដែលថែរក្សាកម្លាំងបានល្អជាង គឺក្រុមនោះមានលទ្ធភាពជាង ។

តែយ៉ាងណាលោក ហុក សុជីវ័ន មិនអាចប្រៀបធៀបការប្រកួតនេះ ទៅនឹងប្រកួតមុនៗបានទេ ព្រោះក្រុមអគ្គិសនីកម្ពុជា គឺជាក្រុមប្រើប្រាស់កីឡាករខ្មែរសុទ្ធ ។ លោកថា៖ ប្រកួតមុនៗ យើងជួបក្រុមមួយ ដែលមានការរៀបចំច្បាស់លាស់ដូចគ្នា តែពួកគេមានកីឡាករបរទេសជួយ ផ្ទុយពី EDC ពួកគាត់មានកីឡាករខ្មែរសុទ្ធ ធ្វើឲ្យយើងងាយស្រួលនឹងលេងជាងអ្វី ដែលក្រុមយើងត្រូវជួបក្រុមមានកីឡាករបរទេស ។ អញ្ចឹងយើងមិនអាចប្រៀបធៀបប្រកួតនេះ ទៅនឹងប្រកួតមុនៗបានទេ ។

តាមរយៈការបន្ថែម ៣ពិន្ទុនេះ បានធ្វើឲ្យក្លិបកីឡាបាល់ទាត់ វិសាខា កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយមាន ១០ពិន្ទុ បន្ទាប់ពីបញ្ចប់ការប្រកួត ៤លើកឈ្នះ៣ និងស្មើ១ រួមមានឈ្នះក្លិបគិរីវង់សុខសែនជ័យ ២-០(ក្នុងដី), ឈ្នះក្លិបភ្នំពេញក្រោន ៣-១(ក្រៅដី), ឈ្នះក្លិបអគ្គិសនីកម្ពុជា ៤-០(ក្នុងដី) និងស្មើក្លិបសូលទីឡូអង្គរ ០-០(ក្នុងដី) ។ ចំពោះប្រកួតបន្ទាប់ ក្លិបកីឡាបាល់ទាត់ វិសាខា នឹងត្រូវធ្វើដំណើរទៅប្រកួតលើទឹកដីខេត្តសៀមរាប ជាមួយក្លិបអង្គរថាយហ្គឺរ នាថ្ងៃទី២៨ ខែមេសាខាងមុខ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT