គ្រូ ​ហ៊ុន ច័ន្ទរាជ្យ​ ​​ ប្រាប់​ចំណុច​​​សំខាន់​ពីវត្តមាន​​ សុខ ធី ​​​ពីរ​​ដង​នៅ​​ ONE Championship ​​កាល​ចុង​ឆ្នាំ​ ២០១៨

គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ ​​ប្រចាំ​នៅ​ក្លិប​ Cambodian Top Team ​បាន​បង្ហើប​​ចំណុច​​សំខាន់​​មួយ​ចំនួន​ ពេល ​សុខ ធី ​​ចាញ់​ ​​កីឡាករ​ជើង​ខ្លាំង​ថៃ​ ​ដោយ​ពិន្ទុ​ទាំង​ពីរ​លើក​ នៅ​​លើ​​​សង្វៀន​កម្រិត​ពិភព​លោក​​ One Championship ​នា​ចុង​ឆ្នាំ​ ២០១៨​​​កន្លង​​ទៅ​ ថា​ Leardsila ​ជា​​កីឡាករ​​​ករ​ ​មាន​បទ​ពិសោធន៍​​ក្រាស់​ជាង​ និង​ ​ឡើង​វ៉ៃ​តាំង​ពី​ សុខ ធី​ មិន​ទាន់​កើត​​ម៉្លេះ។

គ្រូ​បង្វឹក​ដដែល​ នេះ​​រៀបរាប់​ដោយ​ផ្ដោត​លើ​​អាយុ​បច្ចុប្បន្ន​ សុខ ធី ទើប​តែ​ ២២ ​ឆ្នាំ​ ប៉ុន្តែ ​ជើង​ខ្លាំង​ Leardsila ​មាន​អាយុ​រហូត​ដល់​ ​៣៨ ​ឆ្នាំ​​ហើយ ​និង ឡើង​សង្វៀន​រហូត​ដល់​ ២៩៧ ដង​ឯណោះ។ ​​​ដោយ​មាន​បទ​ពិសោធន៍​​ជោកជាំ​លើ​សង្វៀន​​ល្បីៗ​នៅ​ប្រទេស​ថៃ​ Leardsila ​ ឈ្នះ​​ខ្សែ​ក្រវាត់​​ច្រើន​ស្ថាប័ន​​​ដូច​ជា ​2013 WLF Muaythai Lightweight World Champion , 2011 WCK Muaythai Lightweight World Champion , WMC Lightweight World Champion, WPMF Lightweight World Champion , WKN Lightweight World Champion , Rajadamnern Stadium Super Bantamweight Champion , Rajadamnern Stadium Bantamweight Champion , និង​ Rajadamnern Stadium Super Flyweight Champion ​ជា​ដើម។​ រឹត​តែ​អស្ចារ្យ​​ទៅ​ទៀត​ ​កីឡាករ​​មក​ពី​ក្លិប​ Phuket Top Team ​រូប​នេះ​​​​ឡើង​ប្រកួត​ ១០០ ​ដង​ជាប់​គ្នា​​ដោយ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​​ទេ​នៅ​ក្នុង​អាជីព​របស់​ខ្លួន។ ​នេះ​ជា​កំណាត់​ត្រា​ល្អ​ឯក​សម្រាប់​កីឡាករ​ប្រដាល់​ថៃ​រូប​នេះ។

គ្រូ​បង្វឹក​វ័យ​ ៣១ ​​ឆ្នាំ​​ដដែល​​សង្កត់​ធ្ងន់​​យ៉ាង​ដូច្នេះ​ ៖«​ខាង​សង្វៀន​ One គេ​មិន​រៀប​ចំ​ឲ្យ​សង​សឹក​ជា​លើក​ទី៣ ​ទេ​ ​​តាម​មើល​ ព្រោះ​ថា​ ​កាល​លើក​ទី១​ ​គឺ​ ពិន្ទុ​ប្រដំប្រសងគ្នា​។ ដូច្នេះ​​គេ​រៀប​ឲ្យ​សង​សឹក​លើក​ទី២​បាន។ ប៉ុន្តែ​លើក​ទី២​ ​យើង​ចាញ់​ពិន្ទុ​គេ​ដាច់​​​តែ​ម្ដង។ ​ដូច្នេះ​​​ទំនង​មិន​អាច​ជួប​លើក​ទី៣ ​ទេ។ យើង​ក៏​មិន​ចង់​សង​សឹក​អ្វី​ដែរ​ តែ​​គេ​អាច​រៀប​ចំ​​ឲ្យ​ប៉ះ​គូ​ប្រកួត​ផ្សេង​ដែល​​​មាន​សមត្ថភាព​​ប្រហាក់​ប្រហែល​គ្នា។​»

​​​សុខ ធី ​ឡើង​ប្រកួត​នៅ​​សង្វៀន​ One Championship ​បាន​ចំនួន​ ២ ​​ដង​ ពោល​ ​ការ​ប្រកួត​លើក​​ទី១​ កាកា​ ​ចាញ់​​ជើង​ខ្លាំង​​កីឡាករ​​ថៃ​ Leardsila ​​ដោយ​ពិន្ទុ ​នា​ពាក់​កណ្ដាល​​ឆ្នាំ​ ២០១៨ ​និង​ ចាញ់​លើក​ទី២​​នៅ​​ចុង​ឆ្នាំ​ ២០១៨ ​ដែល​ជា​ជំនួប​សងសឹក។

​ទោះ​ជា​បែប​ណា​ក្ដី​ ​​ ​កីឡាករ​វ័យ​​២២​ឆ្នាំ​​​មក​ពី​ខេត្ត​បន្ទាយមានជ័យ​​រូប​នេះ​បាន​ទទួល​ស្គាល់​លទ្ធផល​កន្លង​មក​​ថា​ខ្លួន​ធ្វើ​មិន​សូវ​បាន​ល្អ​​ក្នុង​​ការ​ប្រកួត​​លើក​ទី២​ ពិសេស​ការ​ភ្លាត់​ដួល​នៅ​ទឹក​ទី​៣​ ដែល​ជា​ទឹក​ចុង​ក្រោយ ​ប៉ុន្តែ​ គេ​ធ្វើ​បាន​ល្អ​នៅ​ទឹក​​ទី២។

​យ៉ាងណា​ក៏​ដោយ​ ​ម្ចាស់​ក្លិប​ប្រដាល់​​ Cambodian Top Team ​នៅ​តែ​បន្ត​ទំនាក់ទំនង​​​​ជា​មួយ​សង្វៀន​ អន្តរជាតិ​​​ក្រៅ​​​ពី​លើ​​សង្វៀន​​ល្បីៗ​​នៅ​ថៃ​ដូច​ជា​ ប៉ុស្ដិ៍លេខ៧ ​និង ​លេខ​៨​ថៃ​​ ​​​​ក្នុង​គោល​បំណង​​នាំ ​សុខ ធី ​ទៅ​វ៉ៃ​ជា​ថ្មី​​នា​ពេល​ឆាប់ៗ​​ខាង​មុខ​ ដែល​ត្រូវ​ចាប់​គូ​ប្រហាក់ប្រហែល​គ្នា​ ​ហើយ​ធានា​ថា​វ៉ៃ​​ល្អ​មើល​ជាក់​ជា​មិន​ខាន៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT