ក្រុមជម្រើសជាតិបែលហ្សិកបានយកឈ្នះលើក្រុមកូស្ដារីការក្នុងលទ្ធផល ៤-១ នៃការប្រកួតមិត្តភាពកាលពីយប់មិញនេះ។
កូស្ដារីកា បានធ្វើឱ្យបែលហ្សិកបុកពោះមុន ដោយសារតែកីឡាករ Bryan Ruiz រកបានគ្រាប់បាល់ត្រឹមនាទី២៤ ក្នុងតង់ទី១។ យ៉ាងណាមិញ ក្រោយពីត្រូវគេស៊ុតចូល១គ្រាប់ហើយ ក្រុមបែលហ្សិកបានធ្វើការវាយបកវិញភ្លាមៗតែ ដោយរកបានគ្រាប់បាល់ជាបន្តបន្ទាប់រហូតទទួលបានជ័យជម្នះតែម្ដង។
ត្បិតតែទទួលបានលទ្ធផលល្អមែន ប៉ុន្តែចុងក្រោយបែលហ្សិកនៅតែបារម្ភដដែល ត្បិតអី Hazard កីឡាករឆ្នើមរបស់ខ្លួនកំពុងមានបញ្ហារបួសជើង។ ក្រុមគ្រូពេទ្យកំពុងតែពិនិត្យចំពោះការឈឺជើងតិចៗរបស់កីឡាករ Chelsea ម្នាក់នេះ។ ដោយឡែកលោក Roberto Martinez គ្រូបង្វឹកក្រុមបែលហ្សិករំពឹងថាមិនមានរបួសអ្វីធ្ងន់ទេ ព្រោះរូបគេដឹងខ្លួនថាឈឺហើយសុំដូរតែម្ដង៕ប្រភព៖ DailyMail