កីឡាការិនីជើងខ្លាំងកម្ពុជា នៅ ស្រីពៅ និងអ្នកលេងគុនចម្រុះ ចាន់ រតនា ត្រូវជួបនឹងម្ចាស់ផ្ទះឥណ្ឌូណេស៊ី នាថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០១៩ខាងមុខក្នុងព្រឹត្តិការណ៍ ONE: FOR HONOR ក្នុងទីក្រុងហ្សាកាតា។
ចាន់ រតនា នឹងត្រូវជម្រះក្តីជាមួយជើងខ្លាំង Rudy Agustian ដែលទើបតែឈ្នះ ខុន ស៊ីចាន់ ទឹកទី១។ ការប៉ះគ្នានេះ ជាជំនួបដ៏គួរឲ្យចង់ទស្សនាសម្រាប់អ្នកគាំទ្រកម្ពុជា ត្បិតរតនាស្ទើររាប់ថាជាអ្នកប្រដាល់ MMA ល្អបំផុតនាពេលបច្ចុប្បន្ន។ ចំណែកដៃគូគេវិញ ពូកែជំនាញបោក និងកាច់ឃ្លេ ដែលទំនងជាសម្ពាធមួយសម្រាប់រតនា។ ពួកគេមានសង្ឃឹមឈ្នះគ្នាទៅវិញទៅមក ៥០% ប៉ុណ្ណោះ។
សម្រាប់ នៅ ស្រីពៅ ត្រូវជួបនឹងជើងកីឡាការិនីឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol នៅក្នុង Main Event។ ស្រីពៅ ទទួលបានការសរសើរច្រើន បន្ទាប់ពីឈ្នះ Rika នៅ ONE:Class of Legend នាប្រទេសថៃ។ កីឡាការិនីកម្ពុជា ថ្វីបើមិនពូកែក្បាច់កៀក ប៉ុន្តែនាងមានបច្ចេកទេសដៃយ៉ាងល្អ ។ ស្រីពៅ វាយធ្ងន់ហើយចាំគោលដៅបានល្អ។