អ្នកលេងគុនខ្មែរវ័យក្មេង ឡៅ ចិត្រា បានដាក់គោលដៅដើរតាមគន្លងរបស់ ឃីម ឌីម៉ា ឬ ឃុន ឌីម៉ា ដើម្បីដណ្ដើមមេដាយមាសជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលរៀបចំនៅប្រទេសហ្វីលីពីន ចុងឆ្នាំនេះ។ ការតាំងចិត្តនេះបានកើតឡើង ក្រោយកីឡាករ នៃក្លិបឆត្រយោង ៩១១ ឈ្នះត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ និងមិនគួរចាញ់កីឡាករម្ចាស់ផ្ទះទេនៅស៊ីហ្គេម ឆ្នាំ ២០១៧ ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី ខណៈដែល ឃីម ឌីម៉ា ឈ្នះមេដាយមាសក្នុងវិញ្ញាសាប្រដាល់។
កីឡាករដែលមានកំណត់ត្រាប្រកួត១៤៨ លើកគូសបញ្ជាក់បែបនេះ៖«ខ្ញុំកំពុងតែកែប្រែកំហុសកាលស៊ីហ្គេម ២០១៧ ដើម្បីត្រៀមស៊ីហ្គេម ២០១៩ នេះ។ ខ្ញុំប្រឹងឲ្យខ្លាំងជាងស៊ីហ្គេមកន្លងទៅ។ ខ្ញុំចង់ឈ្នះមេដាយមាសដូច រៀមច្បង ឃីម ឌីម៉ា។ ខ្ញុំសរសើរ បង ឌីម៉ា គាត់មានបម្លាស់ទីល្អ ប្រយុទ្ធល្អ និង ការពារល្អទៀតផង។ នេះជាចំណុចខ្ញុំត្រូវរៀនតាម។»
បែបណាក្ដី កីឡាករប្រដាល់ត្រកូលឡៅបានបង្ហើបពីភាពសោកស្ដាយកាលឆ្នាំ ២០១៧ ដែលបានត្រឹមមេដាយសំរឹទ្ធថា រូបគេចូលពេទ្យមុនឡើងវ៉ៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែគ្រានោះមិនដឹងថាមកពីអាកាសធាតុ ឬ ចំណីអាហារឡើយ។ ដោយរំលឹកទៅអតីតកាលនេះ ចិត្រា នៅចងចាំថា ពិន្ទុមិនចាញ់ឈ្នះគ្នាប៉ុន្មានទេ ពោល ប្រដំប្រសងគ្នាប៉ុណ្ណោះជាមួយគូប្រជែងកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី Ain Bin។ ហើយមើលវីដេអូឡើងវិញ ក៏មិនគួរចាញ់ដែរ ដោយ ចិត្រា ដើរចូលសម្រុកវ៉ៃរហូតនៅលើសង្វៀន។ យ៉ាងណាក្ដី រូបគេបានរៀនសូត្រអំពីចំណុចខ្សោយទាំងនេះដើម្បីធ្វើឲ្យប្រសើរឡើង។
បន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួចរាល់ កូនសិស្សលោក ហង្ស សឿន នឹងចូលហ្វឹកហាត់ក្នុងក្រុមកីឡាករប្រដាល់ជម្រើសជាតិដើម្បីត្រៀមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ដែលរៀបចំនៅហ្វីលីពីន។ជាមួយគ្នានេះ ចិត្រា ត្រូវបានគណៈកម្មការរៀបចំការប្រកួតប្រដាល់ភីអិនអិនបញ្ចូលឈ្មោះប្រកួតដណ្ដើមខ្សែក្រវាត់ ដែលចាប់ផ្ដើមនាដើមខែ ឧសភា ខាងមុខ។ ប្អូនរបស់ ឡៅ ស៊ីណាត និង ឡៅ ចន្ទ្រា បានសង្កត់ធ្ងន់ថា៖«ការចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់នៅស្ថានីយទូរទស្សន៍ PNN ចាប់ផ្ដើមដើមខែ ឧសភា ខាងមុខ ប្រៀបបីដូចជាការត្រៀមខ្លួនអីចឹងដែរ យើងហាត់ខ្លាំង ហើយយើងមានការប្រកួត។ កាលណាយើងហ្វឹកហាត់ យើងត្រូវសម និង ឡើងប្រកួតបែបនេះល្អណាស់។ អីចឹង ការប្រកួតធ្វើឲ្យ ខ្ញុំអត់គាំងដៃ-ជើង និង រួមចំណែកពង្រឹងសមត្ថភាពនៅស៊ីហ្គេម។»
ជាមួយគ្នានោះ ក្រោយបរាជ័យទល់នឹង Superlek Kiatmoo9 កាលពាក់កណ្ដាលខែ កុម្ភៈ នៅសង្វៀនកម្រិតពិភពលោក One Championship នាប្រទេសថៃ ជើងឯកគុនខ្មែរនៅសង្វៀនស្ថានីយទូរទស្សន៍បាយ័ន បានរៀនសូត្រច្រើនអំពីបទពិសោធន៍ ដ៏ជូរចត់មួយនេះពេលវ៉ៃគូបដិបក្ខមិនត្រូវ ជាពិសេសត្រូវបង្កើនភាពរហ័សរហួន និងបម្លាស់ទីរបស់ខ្លួនឲ្យបានល្អរួមទាំងការវ៉ៃសម្រុក ហើយ នឹងខំប្រឹងទ្វេដងដើម្បីសម្រេចគោលដៅជាបន្តបន្ទាប់ក្នុងនាមកីឡាករប្រដាល់ជួរមុខនៅកម្ពុជា។
គួររំលឹកថា ឃីម ឌីម៉ា បានដណ្ដើមមេដាយមាសជូនជាតិមាតុភូមិក្រោយឈ្នះ កីឡាករថៃ Chonlawit កាលខែ សីហា ឆ្នាំ ២០១៧ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមរៀបចំនៅប្រទេសម៉ាឡេស៊ី ហើយ ឡៅ ចិត្រា ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឈ្នះត្រឹមមេដាយសំរឹទ្ធ បន្ទាប់ពីចាញ់កីឡាករម្ចាស់ផ្ទះ ម៉ាឡេស៊ី Ain Bin Kamaprudin ដោយពិន្ទុ៕
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET