លោក Tite គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល ភ្ញាក់ផ្អើលចំពោះទម្រង់លេង Neymar ក្រោយជាពីរបួស ជាពិសេស១គ្រាប់កាលពីប្រកួតយប់មិញនេះ។
Neymar រកបាន១គ្រាប់ ក្នុងជ័យជម្នះប្រេស៊ីល ៣- ០ លើក្រុមអូទ្រីស។ ខ្សែប្រយុទ្ធរូបនេះ ទើបតែជាសះស្បើយពីរបួសជើងរបស់ខ្លួនប៉ុណ្ណោះ ក្រោយពីខកខានតាំងពីខែកុម្ភៈដើមឆ្នាំនេះមក។ Neymar ចូលលេងឱ្យប្រេស៊ីលតែងតែរកគ្រាប់បាល់បានជានិច្ច ជាមួយបច្ចេកទេសញាក់បាល់ អូស របស់ខ្លួន ដែលធ្វើឱ្យគ្រូបង្វឹកសរសើរជានិច្ច រាល់ពេលបង្ហាញខ្លួនម្ដងៗ។
លោក Tite គ្រូបង្វឹកប្រេស៊ីលបាននិយាយថា៖ “ខ្ញុំមិនអាចនិយាយពីសមត្ថភាពរបស់ Neymar បានទេ។ បច្ចេកទេសញាក់បាល់ និងការបង្កើតឱកាសរបស់ខ្លួន គឺពិតជាអស្ចារ្យ។ អនាគតរបស់គាត់ នឹងអស្ចារ្យជាងអ្វីដែលខ្ញុំចង់និយាយ ដូច្នេះខ្ញុំសុំមិននិយាយពីគាត់ច្រើនឡើយ។ យើងនឹងបង្ហាញក្នុងការប្រកួតនៅរុស្ស៊ី”។
Neymar រកបាន៥៥គ្រាប់ហើយសម្រាប់ជម្រើសជាតប្រេស៊ីល។ ចំនួននេះបានធ្វើឱ្យរូបគេឈរក្នុងចំណាត់ថ្នាក់លេខ៣ តារាងអ្នករកគ្រាប់បាល់បានច្រើនបំផុតរបស់ប្រេស៊ីល បន្ទាប់ពី Ronaldo និង Pele ៕ប្រភព៖ ESPN