អ្នកប្រដាល់ឆ្នើម ១ រូបរបស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ឈាន ហុង ដែលបានបាត់មុខពីសង្វៀនជិត ២ ឆ្នាំទៅធ្វើកម្មកររោងចក្រ នៅប្រទេសថៃនោះបានវិលមករកមុខរបរប្រដាល់វិញហើយ ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាព ហើយការវិលមកវិញនេះ ឈាន ហុង ត្រូវដាក់ឲ្យជួបកីឡាករថៃ Ken Sak ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាមនៅលើសង្វៀន SEATV នាថ្ងៃសៅរ៍នេះ។
ការលាឈប់ពីការប្រកួតប្រដាល់មួយរយៈធំនេះត្រូវបាន ឈាន ហុង អះអាងថាមកពីប្រពន្ធមិនឲ្យឡើងប្រកួតដោយខ្លាចរងរបួស និងគ្រោះថ្នាក់ធ្ងន់ ហើយក៏បាននាំគ្នាទៅធ្វើកម្មកររោងចក្រផលិតអាហារមួយនៅប្រទេសថៃអស់រយៈពេលជិត ២ ឆ្នាំ។ ប៉ុន្តែដោយសារបញ្ហាលំបាកក្នុងការរកប្រាក់សម្រាប់ជីវភាពប្រចាំថ្ងៃបានបង្ខំឲ្យ ឈាន ហុង បបួលប្រពន្ធវិលមកមាតុភូមិដើម្បីប្រកបមុខរបរចាស់គឺប្រដាល់វិញ ខណៈតម្លៃខ្លួនប្រកួតលក្ខណៈអន្តរជាតិជាមួយកីឡាករថៃជាដើមបានចំនួនតិចបំផុតក៏ ៣០០ ដុល្លារក្នុង ១ ប្រកួតដែរ។
ក្នុងបទពិសោធនប្រកួតបានជាង ១០០ ដង ឈាន ហុង ទទួលបានជ័យជម្នះច្រើនសឹងតែ ៨៥ ភាគរយ និងសន្សំបានកម្រិតជាកីឡាលំដាប់ជួរមុខដែលសហព័ន្ធត្រៀមសម្រាប់ការប្រកួតជាមួយកីឡាករបរទេស។ កីឡាករមានកម្ពស់ល្អ ១,៧០ ម៉ែត្រ និងមានទម្ងន់ ៦៥ គីឡូក្រាម ឈាន ហុង កំពុងហ្វឹកហាត់សម្រកមកវ៉ៃក្នុងទម្ងន់ ៦៣,៥ គីឡូក្រាមដូចមុនវិញ។
ឈាន ហុង បាននិយាយថាថា៖ «ខ្ញុំ និងប្រពន្ធបានសម្រេចចិត្តឈប់ពីកម្មករនៅប្រទេសថៃវិលមកហ្វឹកហាត់ ដើម្បីឡើងប្រកួតយកប្រាក់ពីប្រដាល់វិញ ព្រោះជីវិតកម្មករស្រុកគេលំបាកហើយប្រពន្ធក៏បានឯកភាពវិលមកស្រុកដូចគ្នា»។
កីឡាករជំនាញវាយកែងរូបនេះបានបន្តថា៖ «ពីមុនប្រពន្ធខ្ញុំ មិនអនុញ្ញាតឲ្យប្រកួតទេ ប៉ុន្តែពេលនេះគឺបានសម្រេចចិត្តរួមគ្នាមកបន្តអាជីពប្រដាល់វិញ ដោយប្រពន្ធវិលមកធ្វើកម្មការិនីនៅភ្នំពេញ ហើយខ្ញុំបានឱកាសហ្វឹកហាត់ប្រដាល់នៅសមាគមកីឡាប្រដាល់ក្រសួងការពារជាតិស្តាតចាស់។ ប៉ុន្តែដោយសារខ្ញុំទើបវិលមកកាន់សង្វៀនជាថ្មី និងហ្វឹកហាត់បានខ្លី ខ្ញុំមានទំនុកចិត្តឈ្នះត្រឹម ៦០ ភាគរយប៉ុណ្ណោះ ហើយសុំការគាំទ្រពីបងប្អូនផង»។
ចំណែកលោក ញាន សុធី នាយកគ្រប់គ្រងកម្មវិធីប្រដាល់នៅសង្វៀន SEATV បានឲ្យដឹងថា ឈាន ហុង ត្រូវប្រកួតជាមួយថៃ Ken Sak ហើយបើតាមគណៈកម្មការផ្គូផ្គងការប្រកួតបានឲ្យដឹងថា កីឡាករថៃម្នាក់នេះមិនខ្លាំងប៉ុន្មានទេ គឺក្នុងកម្រិតប្រហាក់ប្រហែលគ្នាដោយ Ken Sak ប្រកួតបាន ៥៥ ដង ឈ្នះ ៤៦ ចាញ់ ៨ និងស្មើ ១ ដង។