លោក Josep Maria Bartomeu ប្រធានក្លឹប FC Barcelona បានបញ្ជាក់ថាក្រុមការងារកំពុងព្រាងច្បាប់ ដើម្បីតកុងត្រាជាមួយ Lionel Messi រហូត១ជីវិតតែម្ដង។
ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ ដែលលេងនៅក្លឹប FC Barcelona តាំងពីតូចមកនេះ នៅសល់កុងត្រារហូតដល់ឆ្នាំ២០២១ឯណោះ ប៉ុន្តែខាងក្លឹបខ្លាចមានគេឆក់យកបាត់ ទើបព្យាយាមបន្ដកុងត្រារហូត។ បច្ចុប្បន្ននេះ Messi មានតម្លៃពលកម្មកន្លះលានផោនក្នុង១សប្ដាហ៍ ប៉ុន្តែអាចនឹងរកបានច្រើនជាងនេះទៀត ប្រសិនបើរូបគេព្រមបន្ដកុងត្រាថ្មីជាមួយក្លឹបទៀត។
ក្លឹបមានបំណងបន្ដកុងត្រាដល់រូបគេ៥ឆ្នាំទៀត ដែល៥ឆ្នាំនេះ Messi នឹងរកបាន១៣០លានផោន ហើយនឹងមានប្រាក់ឧបត្ថម្ភ៤០លានផោនទៀត ចំពោះការលេងល្អរបស់គេ។ លោក Bartomeu បាននិយាយថាទាំងអ្នកគាំទ្រនិងសមាជិកក្នុងក្រុមទាំងអស់ សុទ្ធតែចង់ឱ្យ Messi បញ្ចប់អាជីពរបស់ខ្លួននៅទឹកដី Camp Nou នេះ៕ប្រភព៖ Dailymail