Cristiano Ronaldo បានមកចូលរួមជាមួយ Madrid នារដូវកាល ២០០៩-១០ ប៉ុន្តែកាលពីរដូវក្តៅកន្លងទៅបុរសសញ្ជាតិព័រទុយហ្គាល់ក៏សម្រេចផ្លាស់ចេញទៅលេងឲ្យ Juventus។ ការបាត់បង់តារាឆ្នើមពាក់អាវលេខ ៧ តើស្តេចសរងបរាជ័យធ្ងន់ធ្ងរដល់កម្រិតណា?
ជាតួលេខដ៏មិននឹកស្មានមួយ គឺថារដូវកាលនេះក្រោយការចាកចេញរបស់ Ronaldo ក្លឹប Real Madrid បានចាញ់ ១៥ ប្រកួតហើយ។ បរាជ័យក្រោយគេបង្អស់កើតឡើងក្នុងជំនួបទល់ Valencia នៅកីឡដ្ឋាន Mestalla កាលពីយប់ថ្ងៃមុន។ ១៥ ប្រកួតដែល Los Blancos បរាជ័យមាន ២ នៅ Copa del Rey, ៣ នៅ Champions League និង ១០ នៅ LaLiga។
ក្នុងនោះមាន ៦ ស្ថិតក្រោមការដឹកនាំដោយលោក Julen Lopetegui, ៨ លើកដឹកនាំដោយ Santiago Solari និង ១ លើកចុងក្រោយនេះស្វាគមន៍ការវិលត្រលប់របស់លោក Zinedine Zidane។
រំឭកថានេះជារដូវកាលដ៏អាក្រក់មួយ ព្រោះបើធៀបនឹងការថមថយកាលពីអតីតកាលដូចជំនាន់ Jose Mourinho អំឡុងរដូវកាល ២០១២/១៣ គឺចាញ់តែ ១១ លើក ហើយចាញ់ ១០ លើកក្រោមការដឹកនាំដោយ Ancelotti នារដូវកាល ២០១៤/១៥។ ប្រភព: BeSoccer