កីឡាករ Nguyen Van Quan របស់វៀតណាម ត្រូវពិន័យមិនឱ្យលេង៣ខែ និងប្រាក់២០លានដុង ចំពោះរឿងដែលខ្លួនទាត់បាល់ Free-kick ចូលទីខ្លួនឯង។
ក្នុងការប្រកួតពានរង្វាន់ Cup ១នៅវៀតណាម កីឡាករ Nguyen Van Quan ដែលកំពុងប្រកបអាជីពនៅលីគលំដាប់ទី២ ជាមួយក្រុម XSKT Can Tho បានទាត់ចូលទីខ្លួនឯង ដែលមើលទៅជាចេតនាបង្កើតគ្រាប់បាល់ក្នុងការប្រកួតតែម្ដង។ ចំពោះរឿងនេះដែរ ខាងសហព័ន្ធបាល់ទាត់វៀតណាមបានចាត់ទុកថាកីឡាកររូបនេះកំពុងរៀបចំគ្រាប់បាល់ទុកមុខ ឬលក់ការប្រកួត។ ដូច្នេះហើយ ទើបពិន័យរូបគេមិនឱ្យលេងបាល់ទាត់៣ខែ និងជាប្រាក់២០លានដុងតែម្ដង។
សាមីខ្លួន Nguyen Van Quan ក៏បានចេញមុខសុំទោសក្រុមរបស់ខ្លួន ហើយដាក់ពាក្យតវ៉ាចំពោះការពិន័យនេះផងដែរ។ រូបគេបានចាត់ទុកថាវាជាគ្រាប់អចេតនា ដោយខ្លួនចង់លើកបាល់ទៅមិត្តរួមក្រុម ប៉ុន្តែភ្លាត់ចូលទីខ្លួនឯងប៉ុណ្ណោះ មិនមែនជាការលក់គ្រាប់បាល់អ្វីនោះទេ៕ប្រភព៖ Foxsportsasia