Jose ​ជឿ​ថា Porto ​នឹង​ទម្លាក់ Liverpool ​បាន​

លោក Jose Mourinho ​មាន​ទំនុក​ចិត្ត​ថា​ក្រុម Porto ​មាន​ឱកាស​ដើម្បី​ទម្លាក់​ក្រុម Liverpool ​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​បាន​។

ក្រុម​របស់​លោក Klopp ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Porto ​នៅ​យប់​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​នេះ​ហើយ ​ដើម្បី​ប្រជែង​យក​កៅអី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ជើង​ទី​១​នឹង​លេង​នៅ​ទឹក​ដី Anfield ​ដែល​ជា​កន្លែង​ក្រុម​ហង្ស​ក្រហម​ធ្លាប់​ហូប​ក្រុម Porto ​នេះ ​៥-០ ​ម្ដង​មក​ហើយ​កាល​ពី​រដូវ​កាល​មុន។ យ៉ាងណាមិញ ​ការ​ប៉ះ​គ្នា​រដូវ​កាល​នេះ ​លោក Jose Mourinho ​បែរ​ជា​មាន​ទំនុក​ចិត្ត​ថា​ក្រុម​របស់​ព័រទុយហ្គាល់​មួយ​នេះ​នឹង​មាន​ឱកាស​វាយ​បក​សងសឹក​វិញ​បាន​។

អ្នក​ចាត់ការ​ដែល​ធ្លាប់​ដឹក​នាំ​ក្រុម Porto ​លើក​ពាន Champions League ​កាល​ពី​រដូវ​កាល ២០០៣-០៤  ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​ជឿ​ជាក់ ​ថា​ក្រុម Porto ​អាច​លេង​ជាមួយ Liverpool ​បាន​។ អ្វី​ដែល​កើត​ឡើង​កាល​ពី​រដូវ​កាល​មុន ​ខ្ញុំ​គិត​ថា​វា​ជា​បទ​ពិសោធ​សម្រាប់​ក្រុម Porto ​ដើម្បី​កែ​លម្អ ​និង​ធ្វើ​ឱ្យ​បាន​លទ្ធផល​ផ្សេង​នា​រដូវ​កាល​នេះ។ Liverpool ​ពិត​ជា​លេង​បាន​ល្អ ប៉ុន្តែ​ការ​មិន​បាន​សម្រាក​សោះ​របស់​ពួកគេ​ដែល​ប្រជែង​លីគ​ផង​នោះ គឺ​ជា​ចំណុច​ខ្សោយ​របស់​ពួកគេ”៕ប្រភព៖ Dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT