ការប្រកួតសប្តាហ៍ទី ៩ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា បញ្ចប់ទៅ ដោយមានគ្រាប់បាល់សរុប ២៧ គ្រាប់ស៊ុតចូលទីគ្នាទៅវិញទៅមក ។
ក្រសួងការពារជាតិ យកឈ្នះអគ្គិសនីកម្ពុជា ៤-០ ក្នុងជំនួបប្រចាំសង្កាត់ទួលសង្កែ និងបានធ្វើឲ្យពួកគេត្រឡប់មកចូលតំបន់ Top 4 វិញ តែនៅក្រោម វិសាខា ៤ពិន្ទុ និងឃ្លាតពីគូប្រជែងរដូវកាលចាស់ បឹងកេត ដល់ទៅ ៨ពិន្ទុ ។
អាស៊ីអឺរ៉ុប ក្នុងដំណើរផ្លូវដ៏ល្អរបស់ខ្លួន បានបំបាក់ក្រុមបាតតារាងវេស្ទើនភ្នំពេញ ៦-១ ក្នុងទឹកដីរបស់ខ្លួន និងជួយឲ្យពួកគេមិនស្គាល់បរាជ័យក្នុង ៤ប្រកួតចុងក្រោយ ពោលគឺស្មើ ៣ និងឈ្នះ ១ ។
Privat គឺជាតួអង្គឯកក្នុងការប្រកួតនេះ ដោយរកបាន ៦គ្រាប់តែម្នាក់ឯង ឡើងទៅឈរកំពូលតារាង Top Scorers (១៣គ្រាប់) និង ក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេក្នុងមួយប្រកួត ប្រចាំរដូវកាលថ្មីនេះ ហើយថែមទាំងបំបែកកំណត់ត្រារបស់អតីតម្ចាស់ស្បែកជើងមាស Kipson ដែលធ្លាប់រកបានត្រឹម ៤គ្រាប់នៅរដូវកាលមុនផងដែរ ។
ណាហ្គាវើលឯនោះវិញ រកឃើញជ័យជម្នះពីអគ្គស្នងការដ្ឋាននគរបាលជាតិ ៤-២ ក្រោយបរាជ័យយ៉ាងតំណំពី វិសាខា កាលពីសប្តាហ៍មុន ៣-០ បន្តប្រដេញជាមួយគូប្រជែងបឹងកេត ដែលនៅពីលើខ្លួន ១ពិន្ទុប៉ុណ្ណោះ ។
ខាងក្រោមគឺជាលទ្ធផលសរុបប្រចាំសប្តាហ៍ទី ៩ និង តារាងពិន្ទុ៖