ស៊ិន កក្កដា ថាប៉ះភ្នំពេញក្រោនមិនងាយស្រួលឡើយសម្រាប់វិសាខា

ក្លិបបាល់ទាត់ វិសាខា នឹងត្រូវធ្វើការប្រកួតក្រៅដីលើកដំបូង នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាលថ្មី ក្នុងសប្ដាហ៍ទី៣ ដោយត្រូវជួបក្លិបភ្នំពេញក្រោន នាវេលាម៉ោង ៦:០០នាទីល្ងាចថ្ងៃទី០៧ ខែមេសាចុងសប្ដាហ៍នេះ នៅកីឡដ្ឋាន Smart RSN ។

នៅមុនការប្រកួតដ៏ធំនេះ ខ្សែបម្រើប្រយុទ្ធ ស៊ិន កក្កដា និយាយថា៖ ចុងសប្ដាហ៍នេះ គឺជាការប្រកួតទី៣ នៃពានមិត្តហ្វូនខេមបូឌានលីគ ហើយក៏ជាប្រកួតដំបូង ដែលត្រូវប្រកួតក្រៅដីដែរ ។ ចំពោះក្រុមវិសាខារបស់ពួកខ្ញុំ បានត្រៀមខ្លួនយ៉ាងល្អិតល្អន់ ដើម្បីត្រៀមការប្រកួតជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន នៅកីឡដ្ឋាន Smart RSN ។

ចំពោះខ្ញុំ  ការប្រកួតនេះ ពេលជួបក្រុមចាស់ គឺភ្នំពេញក្រោន ខ្ញុំនៅតែបញ្ចេញឲ្យអស់ពីសមត្ថភាព តាមគោលការណ៍របស់ក្លិបវិសាខា សំខាន់ត្រូវគោរពគោលការណ៍ Fair-Play ។ តែក្រោយចប់ ពួកខ្ញុំនៅតែស្វាគមន៍ និងរាប់អានគ្នាធម្មតា ហើយខ្ញុំនៅតែគោរព ចំពោះថ្នាក់ដឹកនាំក្លិបភ្នំពេញក្រោន ដូចជាលោកពូ ឬទ្ធី សំណាង ជានិច្ច ។

វិសាខា កំពុងឈរលេខរៀងទី៤ និងមាន ៤ពិន្ទុបណ្ដោះអាសន្ន បន្ទាប់ពីបញ្ចប់ការប្រកួត ២លើកឈ្នះ១ និងស្មើ១ ស្របពេលក្លិបភ្នំពេញក្រោនមាន ៣ពិន្ទុ ជាមួយលទ្ធផល ២ប្រកួតឈ្នះ១ និងចាញ់១ ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT