ក្រុម Real Madrid បានចាញ់ក្រុម Valencia ក្នុងលទ្ធផល ២-១ នាការប្រកួតក្របខណ្ឌ La Liga កាលពីយប់មិញនេះ ធ្វើឱ្យមានការរិះគន់ពីសំណាក់អ្នកគាំទ្រយ៉ាងខ្លាំង។
Real Madrid មានគំលាតពិន្ទុដល់ទៅ៥ពិន្ទុឯណោះពីក្រុមលេខ២ Atletico Madrid ហើយបើនិយាយពីគំលាតក្រុម FC Barcelona វិញ មិនបាច់មើលឡើយ ពោលគឺដាច់ដល់ជាង១០ពិន្ទុឯណោះ។ ដោយគ្មានសង្ឃឹមបានពានក្នុងរដូវកាលនេះ ហើយរងការរិះគន់ច្រើនពីសំណាក់អ្នកគាំទ្រ បានធ្វើឱ្យសមាជិកក្រុម Real Madrid កំពុងរងសម្ពាធខ្លាំងមែនទែន។ បើទោះជាលោក Zidane មកដឹកនាំក្រុមវិញក៏ដោយ ក៏លទ្ធផលនៅតែបរាជ័យដដែល ជាក់ស្ដែងយប់មិញនេះចាញ់ក្រុម Valencia ២-១។
ការលេងមិនល្អយប់មិញ ដែលធ្វើឱ្យក្រុមរបូតដល់២គ្រាប់ ត្រូវបានអ្នកគាំទ្រដាក់បន្ទុកទៅលើខ្សែការពារស្លាប Marcelo ដែលបានចូលលេងជម្រើស១១នាក់វិញ ២ប្រកួតមកហើយ ប៉ុន្តែលេងមិនបានល្អសោះ។ លោក Zidane អ្នកចាត់ការក្រុម Real Madrid បានហៅការស្ដីបន្ទោសលើកីឡាករប្រេស៊ីលនេះ ថាមិនត្រឹមត្រូវឡើយ។ ការលេងមិនបានល្អរបស់ក្រុមនាពេលនេះ គឺមកពីកីឡាករទាំងអស់តែម្ដង មិនមែនមកពីកីឡាករណាម្នាក់ឡើយ។
លោកដឹងថារដូវកាលនេះ ជារដូវកាលអន់បំផុតរបស់ក្រុម Real Madrid ដែលអ្នកគាំទ្រត្រូវឆ្លងកាត់ឱ្យបាន ហើយរំពឹងថារដូវកាលថ្មីខាងមុខនឹងល្អឡើងវិញមិនខាន៕ប្រភព៖ Dailymail