ម្ចាស់ក្លិបប្រដាល់សិល្បៈ ចាន់ រតនា បានបង្ហើបប្រាប់ថាគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយតារាគុនចម្រុះដ៏លេចធ្លោ Phoe “Bushido” Thaw របស់ក្លិប Myaing Ka LayA Phyu Yaung Thway នៃប្រទេស មីយ៉ាន់ម៉ា។ ការបង្ហើបបែបនេះ បន្ទាប់ពី Phoe Thaw បានមកលេង និង សាកសួរសុខទុក្ខ ចាន់ រតនា នាពាក់កណ្ដាល ខែ មីនា ឆ្នាំ ២០១៩ នេះ។
អ្នកលេងគុនចម្រុះកម្ពុជា និង ដើរតួជាគ្រូបង្វឹកផងនាពេលបច្ចុប្បន្នបានបញ្ជាក់យ៉ាងដូច្នេះ ៖«ខ្ញុំបានស្គាល់ Phoe Thaw ប្រហែល ៣ឆ្នាំ ហើយ…ហើយគាត់មកលេងខ្ញុំញឹកញាប់ ពួកយើងរាប់អានគ្នាក្នុងនាមជាកីឡាករគុនចម្រុះ។ ពេលខ្លះ ពេលគាត់ឡើងវ៉ៃ ខ្ញុំធ្លាប់ទៅហាត់ជាមួយគ្នានៅក្លិបគាត់ និង ឲ្យទឹកគាត់ពេលគាត់ឡើងវ៉ៃ ៣ ទៅ៤ ដងដែរ និងធ្លាប់ហ្វឹកហាត់ត្រៀមវ៉ៃជាមួយគ្នា។»
ចំណែក Phoe Thaw បានរៀបរាប់នាពេលលេងស្រុកខ្មែរថា កម្ពុជាស្រដៀងមីយ៉ាន់ម៉ាណាស់ហើយ អាហារនៅទីនេះមិនខុសគ្នាខ្លាំងពីអាហារនៅស្រុកកំណើតរបស់គេឡើយ ទាំងវប្បធម៌និងប្រជាជនគឺប្រហាក់ប្រហែលគ្នា។ ពេលមកលេងនៅកម្ពុជា Phoe Thaw តែងតែមិនបំភ្លេច ចាន់ រតនា។ កីឡាករប្រដាល់មីយ៉ានម៉ាដដែលនេះ បានចាត់ទុក កម្ពុជាជាផ្ទះទី២របស់គេ និង ចង់ពង្រីកទំនាក់ទំនងបន្ថែមទៀតក្នុងពិភពគុនចម្រុះ។ មិនត្រឹមតែមកលម្ហែកាយក្រោយឈ្នះកីឡាករ ឥណ្ឌូណេស៊ី Yohan នាដើមខែ មីនា ប៉ុន្តែ Phoe Thaw បានបង្កើតភាពរីករាយ និង ភាពស្និទ្ធស្នាល ដោយបង្ហាត់សិស្សរួមគ្នានៅ ក្លិបប្រដាល់សិល្បៈរបស់ ចាន់ រតនា ទៀតផងអំឡុងពេលការស្នាក់នៅលម្ហែកាយនេះ។
តារាប្រចាំនៅសង្វៀន ONE Championship ទាំងពីរ ចាន់ រតនា និង Phoe Thaw មិនត្រឹមតែកាន់ស៊ីបបង្ហាត់សិស្សនៅក្លិបសិល្បៈប៉ុណ្ណោះទេ ថែមទាំងធ្វើសកម្មភាពនានារួមគ្នា និង ការជជែកគ្នាយ៉ាងច្រើនដើម្បីលៃលករួមចំណែកធ្វើឲ្យគុនចម្រុះរីកចម្រើនទៅមុខឥតឈប់ឈរក្នុងដំណើរមកលេងនៅកម្ពុជាលើកទី៤។
លើសពីនេះទៅទៀត ចាន់ រតនា បានគូសបញ្ជាក់ទៀតថា តារាគុនចម្រុះរបស់ក្លិប Myaing Ka LayA Phyu Yaung Thway បានព្រមព្រៀងជួយក្លិបសិល្បៈ របស់ រតនា តាមតែអាចធ្វើទៅបានតាមលទ្ធភាពដូចជាសម្ភារៈហ្វឹកហាត់ និងការងារ។ ទោះមិនទាន់មានការផ្លាស់ប្ដូរសិស្សទៅហ្វឹកហាត់រវាងក្លិបទាំងពីរ ប៉ុន្តែ Phoe Tham សន្យាជ្រោមជ្រែងក្លិបសិល្បៈទៅតាមលទ្ធភាពផ្ទាល់ខ្លួន និង រក្សាទំនាក់ទំនងឲ្យកាន់តែល្អប្រសើរ បន្ទាប់ពីក្លិបនេះត្រូវបានបង្កើតឡើងជិត ២ ឆ្នាំក្នុងន័យបណ្ដុះបណ្ដាលគុនចម្រុះ។ ហើយបើសិនចាន់ រតនា ទៅលេងឬ ហ្វឹកហាត់ នៅមីយ៉ាន់ម៉ា គឺ ត្រូវស្វាគមន៍ដូចបងប្អូន ដូចដែល រតនា ធ្វើដាក់ Phoe Thaw នៅកម្ពុជាអីចឹងដែរ។
តារាគុនចម្រុះទាំងពីរ ឡើងសង្វៀនលំដាប់ពិភពលោក One Championship ប្រហាក់ប្រហែលគ្នា ពោល រតនា វ៉ៃបាន ៧ដង ខណៈដែល Phoe Thaw វ៉ៃបាន ៨ ដង។ ចាន់ រតនា ឡើងសង្វៀន One ចំនួន ៧ ដង ដោយឈ្នះចំនួន ៤ និង ចាញ់ចំនួន ៣ ដង។ រីឯ Phoe Thaw ឡើងប្រកួតបានចំនួន ៨ ដង ដែលក្នុងនោះឈ្នះ ៧ ដង និង ចាញ់តែម្ដងគត់។