ក្រុមជើងឯកលីគកំពូលកម្ពុជា ណាហ្គាវើល នឹងបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលភ្ញៀវសិង្ហបុរី Tampines Rovers វេលាម៉ោង៥ល្ងាចនេះ ក្នុងពូល F ប្រចាំពានរង្វាន់ AFC CUP។
២ប្រកួតដំបូងរបស់ Tampines Rovers គឺឈ្នះ១ និងស្មើ១។ ជំនួបបើកឆាក ពួកគេវាយបកយក ឈ្នះ Yangon United ៣-១ និងប្រកួតលើកទី២ស្មើក្រុមកំពូលតារាង Ha Noi FC ដែលស៊ីណាហ្គា១០គ្រាប់ ដោយលទ្ធផល ១-១។
ចំពោះណាហ្គាវើលវិញ កំពុងឈរលេខ៣ បន្ទាប់ពីទទួលបាន៣ពិន្ទុតាមរយៈការប្រកួតឈ្នះ១ និងចាញ់១។ ប្រកួតទី១ ណាហ្គាវើលបានចាញ់ក្រុមខ្លាំងរបស់វៀតណាម Ha Noi ដោយលទ្ធផល ០-១០ ប៉ុន្តែរកបាន៣ពិន្ទុការប្រកួតលើកទី២ដែលបានយកឈ្នះក្រុមមីយ៉ាន់ម៉ា Yangon United ដោយលទ្ធផល ២-១ នៅទឹកដីពហុកីឡដ្ឋានជាតិ។
ពូលជាមួយគ្នានេះ ក្រុមខ្លាំងកំពូលតារាងរបស់វៀតណាម Ha Nai ត្រូវបើកទ្វារកីឡដ្ឋាន Hang Day ដើម្បីស្វាគមន៍ក្រុមបាតតារាងមិនទាន់មានពិន្ទុ Yangon United។ នេះជាឱកាសដែលក្រុមរបស់វៀតណាមបន្តឈរលើកំពូលតារាង។
ការប្រកួតល្ងាចនេះនៅពហុកីឡដ្ឋានជាតិ សំបុត្រចូលទស្សនាមានតម្លៃ៥ពាន់រៀលនៅតំបន់ VIP។ ចំណែកតំបន់ធម្មតាពុំអនុញ្ញាតិឲ្យមានអ្នកគាំទ្រចូលឡើយ។