ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានយកឈ្នះលើក្រុមអូទ្រីស ក្នុងលទ្ធផល ៣-០ នាការប្រកួតមិត្តភាពយប់មិញនេះ មុនពួកគេឡើងយន្ដហោះទៅប្រទេសរុស្ស៊ី។
Neymar កីឡាករថ្លៃជាងគេលើលោក ពិតជាបង្ហាញទម្រង់លេងពេញវិញហើយ បន្ទាប់ពីរបួសជាច្រើនខែមកនេះ។ កាលពីយប់មិញរូបគេ ជាប់ជាជម្រើស១១នាក់ដំបូង និងអាចរកគ្រាប់បាល់បានទៀតហើយ ក្នុងនាមជាខ្សែប្រយុទ្ធជួរមុខរបស់ប្រេស៊ីល។ ខណៈដែលតំបន់ប្រយុទ្ធវិញ ប្រេស៊ីលហាក់ដូចជាមុតជាងរាល់ដង ត្បិតអីកីឡាករសំខាន់ៗ សុទ្ធតែមិនមានបញ្ហារបួសអ្វីនោះទេ។
ការរកបាន១គ្រាប់យប់មិញនេះ បានធ្វើឱ្យ Neymar មាន៥៥គ្រាប់ហើយសម្រាប់ជម្រើសជាតិប្រេស៊ីល។ ស្របពេលចំនួននេះ ស្មើជាមួយនឹងវីរបុរស Romario និងតិចជាង Ronaldo ដែលមាន៦២គ្រាប់ និង Pele កំពូលកីឡាករបាល់ទាត់មាន៧៧គ្រាប់។ ត្រឹមវ័យ២៦ឆ្នាំនេះ អ្នកគាំទ្ររំពឹងថាកីឡាករ PSG នឹងក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ប្រេស៊ីលជាក់ជាមិនខាន៕ប្រភព៖ DailyMail