រដូវកាលដំបូងក្នុងលីគកំពូលកម្ពុជា វិសាខា ច្រើនយកពិន្ទុពីក្រុមខ្លាំងទៅចែកឲ្យក្រុមខ្សោយ

ក្រុមបាល់ទាត់មួយក្នុងចំណោមពីរដែលចូលមកប្រឡូកក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៨នេះ វិសាខា កំពុងតែបង្ហាញពីភាពល្អឥតខ្ចោះរបស់ខ្លួន ដែលក្នុងនាមជាក្រុមថ្មី តែអាចមានលទ្ធភាពប្រជែងកៅអីកំពូលតារាងបាន ។

ក្រោយឈ្នះ ព្រះខ័នរាជស្វាយរៀង ៣-២ កាលពីម្សិលមិញនេះ គ្រប់គ្រាន់នឹងអាចបង្ហាញឲ្យឃើញថា វិសាខា បានរកឃើញជ័យជម្នះ ៦ប្រកួត ស្មើមួយ និងចាញ់តែ ២ប្រកួតប៉ុណ្ណោះ ពោលគឺជាស្ថិតិដែលល្អជាងក្រុមខ្លាំងពីរ គឺក្រសួងការពារជាតិ និង ព្រះខ័នរាជស្វាយរៀង ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺត្រង់ថា លោក ហុក សុជីវ័ន្ត ច្រើនតែដណ្តើមពិន្ទុពីក្រុមខ្ឡាំង តែយកទៅដាក់ទានឲ្យក្រុមខ្សោយ ។ ជាក់ស្តែងប៉ះក្រុមខ្លាំង ភ្នំពេញក្រោន ស្មើគ្នា ០-០ ហើយក្រោយមកឈ្នះក្រសួងការពារជាតិ ២-០ ឈ្នះណាហ្គាវើល ៣-០ និងបន្តឈ្នះព្រះខ័នរាជស្វាយរៀង ៣-២។ ស្ថិតក្នុងកំណត់ត្រាដ៏ល្អនេះ ប៉ុន្តែ វិសាខា ត្រូវអាស៊ីអឺរ៉ុប បំបាក់ ២-០ និងចាញ់ប៉ូលីស ៣-១ ផងដែរ ។

យ៉ាងណាមិញ បើនិយាយអំពីសមាសភាពកីឡាករវិញ ក្រុមចំណូលថ្មីមួយនេះ បានប្រមូលចូលនូវកីឡាករល្អៗជាច្រើន ដែលធ្លាប់មានបទពិសោធន៍ក្នុងលីគ ដូចគ្នាទៅនឹងអគ្គិសនីកម្ពុជា កាលពីរដូវកាលមុន តែល្អជាងត្រង់ថាមានកីឡាករបរទេស ។

ក្រឡែកទៅមើលយុវជនដែលទើបចូលរួមជាមួយក្លិប កីឡាករ សាន្ត គីមហេង ទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយមានលទ្ធភាពអាចស៊ុតបញ្ចូលទី ៥ប្រកួតចុងក្រោយជាប់គ្នាឲ្យក្លិប ( ៦គ្រាប់ ) ចាប់តាំងពីសប្តាហ៍ទី ៥ កន្លងមក ។

សរុបមក ៩ប្រកួតនៃរដូវកាលថ្មីនេះ វិសាខា ស៊ុតចូលទីគូប្រកួតបាន ១៩ គ្រាប់ របូត ៧គ្រាប់ ឈរលេខ ៣ មាន ១៩ ពិន្ទុ ស្មើជាមួយណាហ្គាវើល និងស្ថិតនៅក្រោមបឹងកេត ៤ពិន្ទុ ។

លោក ហុក សុជីវ័ន្ត នឹងមានកាតព្វកិច្ចសំខាន់បន្តទៀត ពោលគឺត្រូវដឹកនាំក្រុមរបស់ខ្លួន តទល់ជាមួយនឹងក្រុមបឹងកេត ដែលស្ថិតក្រោមការដឹកនាំរបស់លោក ហៅ សុជាតិ នៅសប្តាហ៍ទី ១០ ខាងមុខនេះ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT