ស៊ីហ្គេមជិតដល់ ប្រដាល់សកលនៅតែគ្មានសង្វៀនកីឡាករគ្មានឪកាសប្រកួត

ខណៈដែលការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសហ្វ៊ីលីពីន ជិតឈានចូលមកដល់ គេនៅតែពុំឃើញមានវត្តមានការប្រកួតរបស់ប្រភេទកីឡានេះក្នុងស្រុកឡើយ បើទោះបីជាបច្ចុប្បន្នសង្វៀនគុនខ្មែរមានជាង១០ក្នុងមួយសប្តាហ៍ក្តី។

ពេជ្រ ម្ទេសខ្មាំង ដែលជាជម្រើសជាតិសាកលម្នាក់បានបង្ហាញមហិច្ឆតាចង់ប្រកួត ប៉ុន្តែមិនមានសង្វៀន ទោះបីជាការចេញទៅប្រកួតគុនខ្មែរក៏មិនអាចដែរ ព្រោះពួកគេស្ថិតក្នុងឈ្មោះជម្រើសជាតិប្រមូលផ្តុំ។

ដោយឡែកអគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា បើតាមគោលដៅរបស់សហព័ន្ធ និងក្រសួងអប់រំ យុវជន និងកីឡា អំឡុងពេលប្រមូលផ្ដុំហ្វឹកហាត់ ជម្រើសជាតិប្រដាល់សកលពុំអាចចេញទៅប្រកួតគុនខ្មែរបាននោះទេ។ ប៉ុន្តែដោយសកលពុំទាន់សង្វៀនប្រកួតក្នុងស្រុក សហព័ន្ធអាចសម្របសម្រួលលក្ខខ័ណ្ឌមួយចំនួន ឲ្យអត្តពលិកខ្លួន ចេញទៅប្រកួតគុនខ្មែរបាន តែពុំញឹកញាប់នោះទេ ដ្បិតខ្លាចប៉ះពាល់ការហ្វឹកហាត់ និងត្រៀមសម្រាប់ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ នាឆ្នាំ២០១៩នេះ។

នៅមិនទាន់មានចំណាត់ការ ឬបទអន្តរាគមន៍ណាមួយពីប្រធានសហព័ន្ធឬប្រមុខថ្នាក់ដឹកនាំកីឡាណាមួយពីបញ្ហានេះឡើយ។ កីឡាករ នឹងនៅតែបន្តហ្វឹកហាត់ហើយពុំមានឪកាសប្រកួត រហូតដល់កម្មវិធីផ្លូវការ។

Photo by Adrian Portugal/Rappler

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT