Solskjaer ​ដាក់​គោល​ដៅ​យក​ពាន​លីគ​ឱ្យ Man Utd ​ក្រោយ​បាន​កុងត្រា​៣​ឆ្នាំ​

​លោក Solskjaer ​ក្រោយ​ពី​បាន​តំណែង​ជា​អ្នក​ចាត់ការ​ផ្លូវការ​មក ​បាន​ដាក់​គោលដៅ​យក​ពាន​រង្វាន់​ឱ្យ​បាន​ជូន​ក្រុម​បិសាច​ក្រហម Manchester United ​។

កាល​ពី​ម្សិលមិញ​នេះ ​ក្លឹប Manchester United ​បាន​ប្រកាស​តែងតាំង​លោក Solskjaer ​ធ្វើ​ជា​អ្នក​ចាត់ការ​ផ្លូវការ​របស់​ខ្លួន​ហើយ​ជាមួយ​កុង​ត្រា​រយៈ​ពេល​៣​ឆ្នាំ​។ ​ក្រោយ​បាន​ទទួល​តំណែង​នេះ​ហើយ ​អ្នក​ចាត់​ការ​សញ្ជាតិ​ន័រវែស​រូប​នេះ ​បាន​ដាក់​គោលដៅ​យក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​មក​វិញ​ឱ្យ​បាន ​ក្រោយ​ពី​ក្រុម​ខកខាន​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ ការងារ​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​នេះ ​លោក ​Solskjaer ​បាន​ចាត់​ទុក​ថា​ជា​ការងារ​ក្នុង​ក្ដី​ស្រមៃ​ដែល​អ្នក​គ្រប់​គ្នា​ចង់​ធ្វើ។

បុរស​វ័យ​៤៦​ឆ្នាំ​ដែល​ជា​អតីត​កីឡាករ​របស់​បិសាច​ក្រហម បាន​ចូល​កាន់​តំណែង​ជា​អ្នក​ចាត់ការ​បណ្ដោះអាសន្ន ​ក្រោយ​ពី​ក្រុមបាន​បណ្ដេញ​លោក Jose Mourinho ​ចេញ​ពី​តំណែង។ ​ក្រោម​ការ​ដឹក​នាំ​របស់ Solskjaer ​ក្រុម Man Utd ​ធ្វើ​បាន​យ៉ាង​ល្អ ​ដោយ​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ UEFA Champions League ​និង​កំពុង​ប្រជែង​យក​កៅអី​ Top4 ​ផង​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT