ចាន់ រតនា​ រំពឹង​ MMA កម្ពុជា នឹងមានជើងខ្លាំងក្មេងៗបន្ថែមទៀត

អ្នក​លេង​គុន​ចម្រុះ​ ចាន់ ​រតនា ​​ដាក់​ជំនឿ​ចិត្ត​ថា​​យ៉ាង​ ​ត្រឹម​រយៈ​ពេល​ពី​ ៣​ ទៅ​ ៥ ឆ្នាំ​ទៀត​នឹង​​មាន​អ្នក​លេង​​​គុន​ជម្រុះ​ ឬ ​អ្នក​លេង​ក្បាច់​ MMA ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​នៅ​ព្រះរាជា​ណា​​ចក្រ​កម្ពុជា។​ ​ការ​​ដាក់​ក្ដី​រំពឹង​យ៉ាង​ដូច​ច្នេះ​ ព្រោះ​បច្ចុប្បន្ន​នេះ​ មិន​សូវ​មាន​អ្នក​លេង​គុន​ចម្រុះ​ច្រើន​ប៉ុន្មាន​ទេ​​ដោយ​សារ​ពួក​គេ​ទើប​ចាប់​ផ្ដើម​ហ្វឹកហាត់​ក្នុង​នាម​ជា​យុវជន​ថ្នាល​នៅ​ក្លិប​​មួយ​ចំនួន។​

ចាន់ រតនា​ បង្ហើប​ថា​ ​អ្នក​លេង​ក្បាច់​គុន​ MMA លេច​ធ្លោ​នៅ​កម្ពុជា​នៅ​មាន​កម្រិត​តិច​តួច​​ ដូច​ជា​​​ ​រូប​គេ​ផ្ទាល់, ​សឹម ប៊ុនស្រន់, ថៃ រិទ្ធី , មាស ម៉ើ, ខុន ស៊ីចាន់, ​រិន សារ័ត្ន និង លាង​ ស្រីពេជ្រ​ជា​ដើម។​ ​ហើយ​ចំណែក​លទ្ធផល​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ មិន​ទាន់​ទទួល​បាន​លទ្ធផល​​​ល្អ​​​​ពេញ​លេញ​ នោះ​ឡើយ​​ ដែល​​តម្រូវ​ឲ្យ​មាន​ការ​បណ្ដុះ​បណ្ដាល​យុវជន​ជំនាន់​ក្រោយ​​បន្ថែម​ទៀត។​ អ្នក​លេង​យុទ្ធ​ក្រមខម​​​ ​បញ្ចេញ​ទស្សនៈ​ទៀត​ថា​ ​លទ្ធផល​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​មិន​ទាន់​​មាន​​កំណត់​ត្រា​ល្អ​ប្រសើរ​នោះ​ទេ​ ​ដោយ​សារ​​គុន​ចម្រុះ​នៅ​កម្ពុជា​មិន​ទាន់​មាន​ការ​ប្រកួត​ញឹកញាប់​ដូច​គុន​ខ្មែរ។​

​ដូច្នេះ​​​ គុន​ចម្រុះ​នៅ​កម្ពុជា​​ត្រូវ​ខិត​ខំ​បន្ត​ទៀត​ដើម្បី​ទទួល​លទ្ធផល​កាន់​តែ​ល្អ​​ប្រសើរ​ ​ហើយ​ ​ផ្ដោត​លើ​ការ​ហ្វឹកហាត់​​ច្បាស់​លាស់​ ​​និង​ ​​​​ត្រូវ​មាន​ការ​ប្រកួត​ទៀងទាត់។​ ​​​អ្នក​លេង​គុន​ចម្រុះ​​ដដែល​​រូប​នេះ​ប៉ាន់​ស្មាន​ថា​ ​​កីឡាករ​ MMA ​នៅ​ស្រុក​ខ្មែរ​មិន​មាន​ច្រើន​ឡើយ ​ហើយ ​​បើ​សរុប​ទាំង​ជើង​ចាស់​ទាំង​ជើង​ថ្មី​ មាន​ប្រហែល​ត្រឹម​ពី​ ៣០ ទៅ ​៤០ ​នាក់​ប៉ុណ្ណោះ។

គ្រូ​បង្វឹក​នៅ​ក្លិប​ប្រដាល់​សិល្បៈ​រូប​នេះ​បញ្ជាក់​ទៀត​ថា៖«​ខ្ញុំ​​រំពឹង​ថា​ ពី​ ៣ ទៅ​ ៥ ឆ្នាំ​យើង​អាច​មាន​កីឡាករ​ល្អៗ​ផ្នែក ​MMA ​បន្ត​វេន​ ព្រោះ​​ឥឡូវ​មាន​ក្លិប​​បង្ហាត់​ MMA ​​មួយ​ចំនួន​​​ត្រូវ​បាន​បង្កើត​ជា​បន្ត​បន្ទាប់​ដូច​ជា Cambodian Top Team, ក្លិប​សិល្បៈ​​របស់​ខ្ញុំ និង​ ​​ក្លិប​ ​ពីរ​បី​ទៀត។»

ចាន់ រតនា ​​​ឡើង​សង្វៀន​ ប្រកួត​គុន​ចម្រុះ ​ឬ MMA ​បាន​ចំនួន​ ​៨ ដង​ ដែល​​ក្នុង​នោះ​ឈ្នះ​ចំនួន​ ៥ ​ដង​ និង​ ចាញ់​ចំនួន​ ៣ ដង។ ប្រកួត​ចុង​​ក្រោយ​នៅ​សង្វៀន​ One Championship ​ចាន់ រតនា​ ​​បាន​​វ៉ៃ​ ​កីឡាករ​គុន​ចម្រុះ​ ABRO Fernandez មក​ពី​​​ឥណ្ឌូណេស៊ី ឲ្យ​​អាជ្ញាកណ្ដាល​បញ្ឈប់​ត្រឹម​ទឹក​ទី​២ ​ដែល​រៀប​ចំ​នៅ​​សង្វៀន​​ Putra Indoor Stadium ​នៃ​ប្រទេស​​ម៉ាឡេស៊ី​ កាល​ ខែ ធ្នូ ឆ្នាំ​ ២០១៨ កន្លង​ទៅ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT