ក្លឹប Cardiff City បានបញ្ជាក់ថាការផ្ទេរកីឡាករ Emiliano Sala នៅមិនទាន់ពេញលេញ១០០%នោះទេ ដូច្នេះក្លឹបក៏មិនអាចបង់តម្លៃ ខ្លួន១៥លានផោនឱ្យទៅ Nantes ដែរ។
Sala ជាកីឡាករថ្លៃបំផុតដែលក្រុម Cardiff ទិញចូលកាលពីខែមករាកន្លងទៅ។ ប៉ុន្តែជាអកុសល រូបគេបានធ្លាក់យន្ដហោះស្លាប់ ពេលធ្វើដំណើរពីបារាំងមកអង់គ្លេស។ ហេតុការណ៍គួរឱ្យតក់ស្លុតនេះ បានធ្វើឱ្យកក្រើកពិភពបាល់ទាត់តែម្ដង ហើយក៏មានកីឡាករល្បីៗជាច្រើន ចូលលុយគ្នាដើម្បីស្វែងរកសាកសពរបស់ Sala នៅគ្រានោះផងដែរ ព្រោះយន្ដហោះធ្លាក់ចូលសមុទ្រ។
យ៉ាងណាមិញ ក្រោយពីរកឃើញសាកសពនិងបញ្ជាក់ច្បាស់ថា Sala ពិតជាស្លាប់មែន ខាងក្លឹប Nantes ក៏បានសរសេរលិខិតមួយទៅកាន់ Cardiff City ដើម្បីឱ្យបង់ប្រាក់តម្លៃខ្លួនរបស់កីឡាករអាហ្សង់ទីននេះ១៥លានផោនដែរ។ ប៉ុន្តែក្លឹបនៅអង់គ្លេស បានបដិសេធមិនព្រមបង់ឱ្យឡើយ ដោយយោងថាការផ្ទេរនោះមិនទាន់ពេញលេញ១០០% ហើយកីឡាករក៏ត្រូវធ្លាក់យន្ដហោះដូច្នេះទៅ។
ប្រភពនៅបារាំងបានបញ្ជាក់ថា Nantes បានសរសេរលិខិតទៅ FIFA រួចហើយចំពោះការទាមទារឱ្យ Cardiff City បង់ប្រាក់នេះ ដោយកំណត់យកថ្ងៃទី៣ខែក្រោយ។ ប៉ុន្តែ Cardiff ក៏បានប្រាប់ទៅខាង FIFA និងលើកហេតុផលដែលថាការផ្ទេរមិនទាន់ពេញលេញដែរ៕