Giroud ​របួស​ធ្ងន់ ​ពេល​ប្រកួត​មិត្តភាព​ជាមួយ​អាមេរិក

ខ្សែ​ប្រយុទ្ធ Olivier Giroud ​បាន​រង​របួស​ក្បាល​ធ្ងន់ ​អំឡុង​ពេល​រូបគេ​លេង​ទល់​ក្រុម​អាមេរិក ​នា​ប្រកួត​មិត្តភាព​កាល​ពី​យប់មិញ​នេះ។

បារាំង​បាន​ត្រឹម​ស្មើ​ជាមួយ​អាមេរិក ១-១ ​ប៉ុណ្ណោះ ​នា​ប្រកួត​មិត្តភាព​មុន ពួកគេ​ទៅ​លេង​នៅ World Cup ​នា​ប្រទេស​រុស្ស៊ី។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ Giroud ​រង​របួស​ធ្ងន់​មែនទែន ​ឈាម​ហូរ​ជោគ​ក្បាល និង​ត្រូវ​ផ្លាស់​ប្ដូរ​ចេញ​ភ្លាម​ៗ ​ផង​ដែរ។ ការ​រង​របួស​នេះ​គឺ​ដោយសារ​តែ​រូបគេ​ប៉ះ​គ្នា​ជាមួយ​ខ្សែ​ការពារ Matt Miazga ​របស់​អាមេរិក ​ហើយ​ក៏​បែក​ក្បាល​រៀង​ខ្លួន។

របួស​របស់​កីឡាករ Chelsea ​រូប​នេះ ​មិន​ទាន់​បាន​ដឹងច្បាស់​ថា​ធ្ងន់​ប៉ុណ្ណា​នោះ​ទេ ​ដោយ​ខាង​បារាំង​រង​ចាំ​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​សិន។ ប្រសិន​បើ​អ្វី​គ្រប់យ៉ាង​មិន​អាក្រក់​ខ្លាំង​ទេ ​រូបគេ​នឹង​បាន​ទៅ​លេង​នៅ World Cup តែ​បើ​របួស​ធ្ងន់​អាច​នឹង​ត្រូវ​ដក​ឈ្មោះ​ចេញ​ពី​ជម្រើស​ជាតិ​បារាំង​ហើយ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT