Pique ​និង​ Xavi ​ចូល​លេង​ឱ្យ​ជម្រើស​ជាតិ​វិញ ​ប៉ុន្តែ​មិន​មែន​ជម្រើស​ជាតិ​អេស្ប៉ាញ​ទេ

Pique ​និង​ Xavi ​បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កាតាឡាន់ ​ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​វេណេហ្ស៊ុយអេឡា ​នៅ​សប្ដាហ៍​ក្រោយ។

Pique ​និង​ Xavi ​បាន​ចូល​និវត្ត​ពី​ជម្រើស​ជាតិ​អេស្ប៉ាញ​ហើយ ​ប៉ុន្តែ​ពួកគេ​នៅ​លេង​ឱ្យ​ជម្រើស​ជាតិ​កាតាឡាន់​ដដែល។ ត្បិត​តែ កាតាឡាន់ ​មិន​ទាន់​ទទួល​ស្គាល់​ដោយ FIFA ​និង UEFA ​មែន ​ប៉ុន្តែ​ក្រុម​មួយ​នេះ​អាច​ធ្វើ​ការ​ណាត់​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ប្រទេស​ដទៃ​ទៀត​បាន។ Pique ​និង​ Xavi ​នេះ​ដែរ ​ក៏​ជា​កីឡាករ​ដែល​ចង់​ឱ្យ​តំបន់​កាតាឡាន់​នេះ ​ទទួល​បាន​ឯករាជ្យ​ពី​អេស្ប៉ាញ​ដែរ។

តំបន់​កាតាឡាន់ ​ជា​រៀងរាល់​ឆ្នាំ​តែងតែ​ធ្វើ​ប្រជា​មតិ ដើម្បី​ផ្ដាច់​ខ្លួន​ពី​អេស្ប៉ាញ ​និង​ប្រកាស​ឯករាជ្យ​ដោយ​ខ្លួន​ឯង។ នៅ​តំបន់​នេះ ​ពោរពេញ​ដោយ​រោងចក្រ សហគ្រាស​ធំ​ៗ ​ដែល​ជា​ដង្ហើម​មួយ​ដែរ​សម្រាប់​ប្រទេស​អេស្ប៉ាញ ​ក្នុង​ការ​បង្កើន​សេដ្ឋកិច្ច។ ហេតុដូច្នេះ​ហើយ ទើប​បាន​ជា​ការ​ទាមទារ​ឯករាជ្យ​ម្ដង​ណា ក៏​អេស្ប៉ាញ​ប្រកាស​មិន​ព្រម រហូត​ថែម​ទាំង​ធ្លាប់​ព្រមាន​ពី​ការ​ប្រើ​យោធា​ទៅ​លើ​តំបន់​នេះ​ទៀត​ផង។

ដោយ​ឡែក​សម្រាប់ Pique ​និង​ Xavi ​វិញ ​កាល​នៅ​ជាប់​លេង​ឱ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ ​ក៏​ទទួល​បាន​ការ​រិះគន់​ច្រើន​ដែរ ​នៅ​ពេល​ដែល​ពួកគេ​ជា​អ្នក​គាំទ្រ​ឱ្យ​មាន​ការ​ផ្ដាច់​ខ្លួន​របស់​តំបន់​កាតាឡាន់​នេះ៕

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT