ជម្លោះរវាងកីឡាករ Mauro Icardi និងក្លឹប Inter Milan បានបញ្ចប់ហើយ ដោយសាមីខ្លូននឹងចូលហ្វឹកហាត់ជាមួយក្រុមវិញនៅថ្ងៃនេះ ដើម្បីត្រៀមចូលលេងឡើងវិញ។
ខ្សែប្រយុទ្ធអាហ្សង់ទីន មិនចូលលេងឱ្យក្រុម Inter Milan ជាង១ខែមកហើយ ដោយសារតែមានបញ្ហាលើកុងត្រារបស់ខ្លួន ដែលរូបគេទាមទារច្រើនពេកពីក្រុម។ ខណៈដែលកាទាមទារនោះ គឺធ្វើឡើងដោយសង្សាររបស់ Icardi ផ្ទាល់ ដែលដើរតួជាភ្នាក់ងារ ចរចាជាមួយក្រុម។ យ៉ាងណាមិញ ក្រោយពីការមិនចូលច្រើនប្រកួតមកនោះ ពេលនេះ រូបគេនិងក្រុម Inter Milan បានរកដំណោះស្រាយចេញហើយ និងកីឡាករផ្ទាល់ក៏នឹងចូលហាត់វិញដែរ។
ខ្សែប្រយុទ្ធខាងលើគឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅលីគកំពូលអ៊ីតាលីកាលពីរដូវកាលមុន ស្របពេលរដូវកាលនេះវិញ មុនពេលឈ្លោះគ្នាជាមួយក្លឹប រូបគេរកបាន៩គ្រាប់ក្នុងការបង្ហាញខ្លួន២០ប្រកួត។ Icardi អាចនឹងចូលលេងបានវិញ ក្នុងការប្រកួតទល់ក្រុម Lazio នៅថ្ងៃទី៣១ខែនេះ៕ប្រភព៖ Dailymail