មិត្តរួមក្លឹបនិងជម្រើសជាតិរបស់ Ronaldo គឺកីឡាករ Joao Cancelo បានលើកសរសើរមិនដាច់ពីមាត់ដល់ CR7 ជុំវិញភាពជោគជ័យនិងថាមិនចាំបាច់ត្រូវបង្ហាញឲ្យគ្រប់គ្នាឃើញពីអ្វីទៀតនោះទេ។ ក្នុងវ័យ ៣៤ ឆ្នាំ ខ្សែប្រយុទ្ធ Cristiano នៅតែបង្ហាញទម្រង់លេងល្អឲ្យ Juventus ដោយរកបាន ១៩ គ្រាប់និង Assist ៨ លើករួចមកហើយ។
ថ្លែងប្រាប់សារព័ត៌មាន កីឡាករ Cancelo និយាយថា៖ “Cristiano តែងតែបន្ថែមគុណភាពដល់បណ្តាក្រុមដែលគេលេងជាមួយ ហើយយើងពិតជារីករាយនឹងបានលេងជាមួយគាត់ទាំងនៅទីនេះនិងជម្រើសជាតិ ដោយគាត់ជាកីឡាករមួយរូបទៀតដែលបានជួយយើង និងពិតជាសំខាន់មែនទែន”។
បុរសវ័យ ២៤ ឆ្នាំសង្កត់ធ្ងន់ថា៖ “Cristiano មិនចាំបាច់ត្រូវបង្ហាញអ្វីទៅកាន់អ្នករាល់គ្នាទៀតនោះទេ ដោយទាំងនៅក្លឹបនិងជម្រើសជាតិគាត់បង្កើតប្រវត្តិសាស្រ្តជាច្រើនរួចមកហើយ”។ បញ្ជាក់ថាក្រុមព័រទុយហ្គាល់នឹងត្រូវប៉ះគ្នាជាមួយអ៊ុយក្រែន មុនត្រូវទៅជួបស៊ែប៊ីនៅវគ្គជ្រុះ Euro 2020។ ប្រភព: Sportskeeda