Alexis Sanchez ថាខ្លួនជាអ្នកគាំទ្រនិងស្រលាញ់ក្រុម Manchester United តាំងពីតូចមក បើមិនជឿស្បថក៏ហានដែរ។Sanchez ជាកីឡាករក្រុម Man Utd ទិញពី Arsenal កាលពីខែមករាឆ្នាំ២០១៨កន្លងទៅ ហើយក្លាយជាខ្សែប្រយុទ្ធមានប្រាក់ប្រចាំសប្ដាហ៍ច្រើនជាងគេបំផុតក្នុងក្រុម រហូតដល់៥សែនផោនឯណោះ។ ប៉ុន្តែបើមើលលើលទ្ធផលដែលរូបគេជួយក្រុមវិញ នារដូវកាលនេះមិនកើតឡើយ ជាក់ស្ដែងលេង៤១ប្រកួតមកហើយ រកបានតែ៥គ្រាប់ប៉ុណ្ណោះ។ កត្តានេះហើយ ទើបបានជាក្រុមបិសាចក្រហម កំពុងពិចារណាដាក់ឱ្យគេខ្ចីជើងនៅរដូវកាលក្រោយ ឬលក់ចេញតែម្ដង។
ទន្ទឹមគ្នានឹងពាក្យចចាមអារ៉ាមរឿងលក់ចេញនេះដែរ សាមីខ្លួន Sanchez បាននិយាយថា៖ “ខ្ញុំនៅតែជឿជាក់ថាខ្ញុំនឹងជោគជ័យនៅក្លឹបនេះ ខ្ញុំជឿលើសមត្ថភាពខ្លួនឯង។ United ជាក្លឹបសំខាន់ មិនត្រឹមតែនៅអង់គ្លេសទេ តែទូទាំងពិភពលោក ហើយខ្ញុំចង់ជួយក្រុមនេះឱ្យឈ្នះពានដើម្បីអ្នកគាំទ្រ។ ខ្ញុំជាអ្នកគាំទ្រ United តាំងពីតូច… ខ្ញុំស្បថ កាលពីក្មេងខ្ញុំចូលចិត្ត United ណាស់”៕
ប្រភព៖ DaiMail