រិន សារ័ត្ន ​នឹង​ដក​ខ្លួន​ពី​ការ​ប្រកួត​គុន​ចម្រុះមួយ​រយៈតាមពាក្យសន្យាជាមួយគ្រួសារ

អ្នកលេងគុនចម្រុះ រិន សារ័ត្ន បង្ហើបថានឹងចាកចេញពីសង្វៀនមួយរយៈតាមពាក្យសន្យាជាមួយភរិយា បន្ទាប់ពីចាញ់​ពិន្ទុ​កីឡាករ​ម្ចាស់​ផ្ទះ “The Dragon Leg” Tial Thang​ នៅប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ។សារ័ត្ន ពន្យល់​ថា​៖ «មុនពេល​ចាកចេញ​ពី​ផ្ទះ​ទៅ​ហាត់​ត្រៀម​នៅ​ថៃ ខ្ញុំ​បាន​សួរ​ប្រពន្ធ​ខ្ញុំ​ថា​គិត​ម៉េច​ដែរ? កាលណោះ​ចំថ្ងៃ Valentine’s Day ហើយ​គាត់​មិន​ចង់​​ឱ្យ​ខ្ញុំ​ទៅ​ទេ ប៉ុន្តែ​ពួកយើង​បាន​សន្យា​គ្នារឿង​មួយ។ ខ្ញុំ​បាន​សន្យា​ជាមួយ​គាត់​ថា​ខ្ញុំ​នឹង​ហាត់​ឱ្យ​ខ្លាំង​និង​​​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព ហើយ​បើ​ខ្ញុំ​​ធ្វើ​មិន​បាន​ល្អ​ឬ​មិន​​បាន​ជ័យជម្នះ​ត្រលប់​មក​ផ្ទះ​វិញ​ទេ ខ្ញុំ​នឹង​ផ្អាក​អាជីព​នេះ​មួយ​រយៈ»។សារ័ត្ន បាន​ទទួល​ការ​សរសើរ​​ទាំង​ពី​សំណាក់​មិត្ត​រួម​ក្លិប​និង​គ្រូ​បង្វឹក​ចំពោះ​ការ​ប្រឹងប្រែង​ហ្វឹកហាត់​និង​ទេពកោសល្យ​ពី​ធម្មជាតិ​របស់​គេ​។ ប៉ុន្តែ​គេ​បាន​ចាញ់​២​ប្រកួត​ចុង​ក្រោយ​ជាប់​គ្នា​នៅ ONE Championship បន្ទាប់​ពី​បាន​ផ្ដួល Mario Satya ​ឱ្យ​សន្លប់​ដោយ​ផ្លែ​កែង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៨​។

ថ្វី​បើ​គេ​ទទួល​បាន​ការ​សរសើរ​និង​លើក​ទឹក​ចិត្ត​​ពី​អ្នក​គាំទ្ររបស់​គេ​ក្ដី​ ប៉ុន្តែ សារ័ត្ន សារភាព​ថា​គេ​​មានអារម្មណ៍​រអៀស​ខ្លួន​ចំពោះ​ការ​មិន​សូវ​ទទួល​បាន​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​។សារ័ត្ន សង្កត់ធ្ងន់ថា​៖ «ខ្ញុំ​មានអារម្មណ៍​ថា​ខ្ញុំ​គួរ​តែ​អាច​ធ្វើ​បានល្អ​ជាងនេះ​សម្រាប់អ្នក​គាំទ្រ​របស់​ខ្ញុំ​។ ខ្ញុំ​មានអារម្មណ៍​ខ្មាស​អៀន​ចំពោះ​ខ្លួន​ឯង ទោះបី​អ្នក​គាំទ្រ​ខ្ញុំ​នៅ​តែ​បន្ត​លើក​ទឹក​ចិត្ត​និង​មិន​រិះគន់​ខ្ញុំ​ក៏​ដោយ។ ខ្ញុំ​វ៉ៃ​នៅ ONE Championship ​៥​ដង​ហើយ តែ​ចាញ់​៤​ដង ឈ្នះ​តែ​ម្ដង​។ ខ្ញុំ​មានអារម្មណ៍​ខ្មាស​អៀន​ចំពោះ​ខ្លួន​ឯង​។ ខ្ញុំ​តំណាង​កម្ពុជា​នៅ ONE Championship តែ​​ខ្ញុំ​បាន​ចាញ់​​ជា​ច្រើន​ដង​​។»។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT