ក្រុម Manchester City បានយកឈ្នះលើក្រុម Swansea City ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ FA Cup កាលពីយប់មិញនេះ។ក្នុងការប្រកួតនោះដែរ ក្រុម Swansea បាននាំមុខ Man City ២-០ ទៅហើយនៅត្រឹមតង់ទី១ ប៉ុន្តែឈានដល់តង់ទី២ ក្រុមរបស់លោក Pep អាចស្វែងរកគ្រាប់បាល់ជាបន្ដបន្ទាប់ រហូតដល់ឈ្នះវិញ ក្នុងលទ្ធផល ៣-២ នាការប្រកួតនេះ។ បើទោះជាឈ្នះមែន ប៉ុន្តែលទ្ធផលត្រូវបានអ្នកគាំទ្រមួយចំនួនហាក់មិនសប្បាយចិត្តឡើយ ព្រោះបាល់១គ្រាប់របស់ Aguero គឺជាបាល់ដែលគេមើលឃើញថា Offside ច្បាស់ណាស់។
គ្រាប់បាល់ Offside នេះដែរ លោក Pep បាននិយាយដូច្នេះថា៖ “ប្រសិនបើជាគ្រាប់ Offside មែន ខ្ញុំសុំទោសចំពោះក្រុម Swansea ។ ពួកគេតែងតែសួរពី VAR ប៉ុន្តែសម្រាប់ប្រកួតនេះមិនមានប្រើប្រាស់ឡើយ។ ខ្ញុំមិនចូលចិត្តចាញ់ការប្រកួតឡើយ ប៉ុន្តែប្រសិនបើឈ្នះដោយការកាត់ក្ដីមិនត្រឹមត្រូវ ខ្ញុំពិតជាសុំទោសពិតមែន។ ប្រសិនបើមាន VAR វានឹងជួយឱ្យការប្រកួតមានភាពសុក្រឹតយុត្តិធម៌”៕
ប្រភព៖ DailyMail