Zidane ​ទិញ​ខ្សែ​ការពារ​កណ្ដាល​ម្នាក់ ​តម្លៃ​៤៣​លាន​ផោន​ពី Porto ​

Zidane ​ដែល​ទើប​តែ​ប្រកាស​មក​ធ្វើ​ជា​អ្នក​ចាត់ការ​ថ្មី Real Madrid ​ម្ដង​ទៀត​នោះ បាន​ទិញ​យក​ខ្សែ​ការពារ​ម្នាក់​ហើយ គឺ Eder Militao ​ពី​ក្រុម Porto ​ក្នុង​តម្លៃ​៤៣​លាន​ផោន។

Zidane ​ចូល​ដឹក​នាំ​ក្រុម Real Madrid ​វិញ ​ក្រោយ​ពី​លោក Santiago Solari ​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ។ ការ​មក​ដឹក​នាំ​ក្រុម​វិញ​នេះ ​បុរស​សញ្ជាតិ​បារាំង​បញ្ជាក់​ថា​នឹង​កសាង​ក្រុម​ឱ្យ​ល្អ​ឡើង​វិញ ​នា​រដូវ​កាល​ក្រោយ។ ជាក់​ស្ដែង​មិន​ទាន់​បាន​ប៉ុន្មាន​ផង ​ពេល​ក្រុម Real Madrid ​នាំ​យក​កីឡាករ​ថ្មី​ម្នាក់​មក​ហើយ គឺ Eder ​វ័យ​២១​ឆ្នាំ​សញ្ជាតិ​ប្រេស៊ីល ​តម្លៃ​ដល់​៤៣​លាន​ផោន​ឯ​ណោះ។

ការ​ប្រកាស​នេះ​ដែរ ​គឺ​ក្រុម Real Madrid ​នឹង​ទទួល​បាន​កីឡាករ​ថ្មី​របស់​ខ្លួន​នា​ខែ​មិថុនា​ខាង​មុខ ​ដើម្បី​មក​បំពេញ​ចន្លោះ​ប្រហោង​នៅ​តំបន់​ខ្សែ​ការពារ​កណ្ដាល។ ជា​ពិសេស​នៅ​ពេល​អវត្តមាន​ប្រធាន​ក្រុម Sergio Ramos ​តែ​ម្ដង។ កីឡាករ​ប្រេស៊ីល​ខាង​លើ​មាន​កុងត្រា​ជាមួយ​ក្រុម Real Madrid ​រហូត​ដល់​ឆ្នាំ​២០២៥​ឯ​ណោះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT