ក្រុម Manchester City នឹងត្រូវ FIFA ពិន័យមិនឱ្យទិញដូរកីឡាករ២រដូវកាល ក្រោយពីរកឃើញថាក្រុមមួយនេះប្រព្រឹត្តិខុសច្បាប់ទៅលើការនាំចូលកីឡាករ។
FIFA បានបើកការស៊ើបអង្កេតនេះជាយូរមកហើយដែរ ចំពោះបញ្ហានាំចូលកីឡាករយុវជនរបស់ក្រុម Man City និងការរកចំណូលក្រៅប្រព័ន្ធរបស់ក្លឹបនេះ។ ប្រភពជិតស្និទ្ធនឹងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ បង្ហើបថាសេចក្ដីប្រកាសផ្លូវការចំពោះការពិន័យនឹងធ្វើឡើងប៉ុន្មានថ្ងៃខាងមុខនេះហើយ។ វាជាករណីស្រដៀងគ្នាទៅនឹងក្លឹប Chelsea ដែលទើបតែទទួលការពិន័យមិនឱ្យទិញដូរកីឡាករ២រដូវកាលដែរ។
ករណីធ្ងន់ដែលខាង FIFA រកឃើញ គឺក្រុម Man City បាននាំយុវជនអាហ្សង់ទីនឈ្មោះ Benjamin Garre ចូលក្រុមទាំងដែលសាមីខ្លួនទើបមានវ័យ១៦ឆ្នាំ។ និងមានករណីមួយទៀតគឺនាំយុវជនពីប្រទេសហ្គាណាមកទាំងដែលពួកគេមិនទាន់គ្រប់អាយុ និងមិនទាន់បំពេញតាមលក្ខខណ្ឌត្រឹមត្រូវនៅឡើយ។
តាមច្បាប់បាល់ទាត់អន្តរជាតិ ក្លឹបនៅអឺរ៉ុបមួយអាចនាំយុវជនក្រោមអាយុ១៨ឆ្នាំពីក្រៅតំបន់នេះបាន លុះត្រាតែពួកគេបំពេញបាននូវលក្ខខណ្ឌ៣យ៉ាង គឺឪពុកម្ដាយបានផ្លាស់មករស់នៅតំបន់អឺរ៉ុប កីឡាករមានសញ្ជាតិនៅប្រទេសអឺរ៉ុបណាមួយ និងកីឡាករនោះមានអាយុយ៉ាងតិច១៦ឆ្នាំ រាប់ចាប់ពីថ្ងៃទិញយក៕ប្រភព៖ Dailymail