Sarri ​បារម្ភ​ទីលាន​របស់​ Dynamo Kiev ​អាច​នឹង​ធ្វើ​ឱ្យ​កីឡាករ​របួស​

ក្រុម Chelsea ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Dynamo Kiev ​នៅ​ម៉ោង​១២:៥៥​នាទី​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​ពាន​រង្វាន់ Europa League ​។កាល​ពី​ជើង​ទី​១​កន្លង​ទៅ ក្រុម​តោខៀវ​បាន​យក​ឈ្នះ​ក្រុម​មួយ​នេះ​បាន ៣-០ ​ម្ដង​មក​ហើយ ដូច្នេះ​នៅ​រាត្រី​នេះ​ហាក់​មិន​សូវ​មាន​សម្ពាធ​ឡើយ​សម្រាប់​លោក Sarri ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ចាត់ការ​អ៊ីតាលី​រូប​នេះ កំពុង​បារម្ភ​ទៅ​លើ​ទីលាន​របស់​ក្រុម Dynamo ​ទៅ​វិញ ​ត្បិត​អី​ទីលាន​នេះ​ត្រូវ​បាន​ក្រុម Chelsea ​គិត​ថា​មិន​ត្រូវ​តាម​ស្ដង់ដារ ​និង​អាច​បណ្ដាល​ឱ្យ​កីឡាករ​មាន​របួស​បាន ប្រសិន​បើ​លេង​មិន​ប្រយ័ត្ន។

អ្នក​ចាត់ការ​ខាង​លើ​បាន​បន្ដ​ថា​៖ “ទីលាន​នេះ ​មិន​ល្អ​ឡើយ។ វា​ពិត​ជា​គ្រោះ​ថ្នាក់​ក្នុង​ការ​លេង​បាល់ទាត់​នៅ​លើ​ទីលាន​បែប​នេះ ខ្ញុំ​គិត​ថា​នឹង​ងាយ​បំផុត​ក្នុង​ការ​បង្ក​ឱ្យ​កីឡាករ​របួស។ ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​ទីលាន​នេះ ​ទៅ​ជា​បែប​នេះ​ទេ ​ប្រហែល​មក​ពី​រដូវ​រងា​ហើយ។ ខ្ញុំ​ធ្លាប់​មក​ប្រកួត​នៅ​ទីនេះ ​២​ឆ្នាំ​មុន ​កីឡដ្ឋាន​នេះ​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ណាស់”។ ជាមួយ​អ្នក​ចាត់ការ​ដែរ ​កីឡាករ Willian ​ក៏​បញ្ជាក់​ដែរ​ថា​កីឡាករ​ទាំង​អស់​ត្រូវ​លេង​ប្រុងប្រយ័ត្ន​ខ្ពស់ បើ​មិន​ចង់​របួស​ទេ​នោះ។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ក្នុង​ទីក្រុង​គៀវ ​ដែល​ផ្ទុក​អ្នក​គាំទ្រ​បាន​៧​ម៉ឺន​នាក់។ វា​ជា​កីឡដ្ឋាន​ធំ​បំផុត​ទី​២ ​នៅ​អឺរ៉ុប​ខាង​កើត ​បន្ទាប់​ពី​កីឡដ្ឋាន Luzhniki ​របស់​ក្រុង​ម៉ូស្គូវ។ ​នៅ​ឆ្នាំ​១៩៧៧ ​កីឡដ្ឋាន​របស់​ប្រទេស​អ៊ុយក្រែន​មួយ​នេះ ​បាន​ផ្ទុក​មនុស្ស​ដល់​១​សែន​នាក់ ​ក្នុង​ការ​ប្រកួត​រវាង​ក្រុម Dynamo Kyiv ​ប៉ះ Bayern Munich ​៕ប្រភព៖ Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT