ក្រុម Liverpool បានទម្លាក់ក្រុម Bayern Munich ចេញពីពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយហើយកាលពីយប់មិញ ក្នុងលទ្ធផល ៣-១។
ជ័យជម្នះនេះដែរ ត្រូវបានលោក Klopp អ្នកចាត់ការក្រុម Liverpool បានចាត់ទុកថាជារឿងដ៏អស្ចារ្យខ្លាំងណាស់ ព្រោះមិនងាយមានក្រុមណាអាចយកឈ្នះ Bayern Munich ក្នុងផ្ទះពួកគេបានឡើយ។ ឈ្នះក្រុមខ្លាំងនេះ បានធ្វើឱ្យក្រុមហង្សក្រហមទាំងមូលកាន់តែមានទំនុកចិត្តខ្ពស់ក្នុងការលេងនៅវគ្គ៨ក្រុមចុងក្រោយបន្ដទៀត។
លោក Klopp បាននិយាយក្រោយចប់ការប្រកួតនេះថា៖ “ខ្ញុំមានមោទនភាពចំពោះកូនក្រុមរបស់ខ្ញុំណាស់។ គ្រាប់ទី១យប់មិញ ខ្ញុំចង់មើលវាឱ្យបាន១ពាន់ដង។ យើងលេងការពារបានយ៉ាងល្អ ល្អជាងប្រកួតណាទាំងអស់។ ខ្ញុំបានដឹងថាយើងនឹងពិបាកឡើងវគ្គបន្ដនៅយប់មិញ ប៉ុន្ដែកូនក្រុមរបស់យើងបានធ្វើវាឡើង ហើយវាពិតជាល្អខ្លាំងណាស់។ យើងបានគ្រប់គ្រងការប្រកួត និងមានឱកាសរកគ្រាប់បាល់បន្ដបន្ទាប់។ យើងកំពុងតែត្រលប់ទៅលើឆាកអន្តរជាតិវិញហើយ”៕ប្រភព៖ Dailymail