លោក Zidane ត្រូវបានក្លឹប Real Madrid ប្រកាសតែងតាំងជាអ្នកចាត់ការក្រុមម្ដងទៀតហើយ ក្នុងការកុងត្រា៣ឆ្នាំ ក្រោយពីក្លឹបនេះបណ្ដេញលោក Solari ចេញពីតំណែង។
Real Madrid កំពុងដុនដាបខ្លាំង ក្រោយពីធ្លាក់ចេញពីពានរង្វាន់សឹងតែអស់ទៅហើយ។ ខណៈដែល La Liga វិញនោះ ចាញ់ពិន្ទុក្រុមអ្នកមានបុណ្យ Barcelona ដល់ទៅ១២ពិន្ទុឯណោះ។ ការត្រលប់មកវិញលើកនេះរបស់ Zidane សាមីខ្លួននិយាយថាសប្បាយចិត្ត ព្រោះនេះជាផ្ទះរបស់ខ្លួន គ្មានកន្លែងណាល្អជាង Real Madrid ទៀតនោះទេ បើទោះជាមានក្លឹបច្រើនបានទាក់ទងលោកក៏ដោយ។
ជាមួយការមកដល់របស់អ្នកចាត់ការដឹកនាំក្រុម៣ឆ្នាំលើកពាន Champions League ៣ដងដែរនោះ លោក Perez ប្រធានក្លឹប Real Madrid ជឿជាក់ថា Zidane ជាជនជាតិបារាំង ដូច្នេះលោកនឹងអាចធ្វើរឿងពិសេសខ្លះមិនខាន ក្នុងការនាំយកកីឡាករបារាំងមករួមក្រុម។ ការបញ្ជាក់បែបនេះ ត្រូវបានគេមើលឃើញថាប្រហែលជាលោក Perez កំពុងសំដៅទៅលើខ្សែប្រយុទ្ធវ័យក្មេង Mbappe របស់ក្រុម PSG ហើយ៕ប្រភព៖ Dailymail