តាំងពីចាញ់ភ្នំពេញក្រោន សប្តាហ៍ទី១២ រដូវកាល ២០១៧ មកទល់ពេលនេះ បឹងកេតមិនដែលស្គាល់បរាជ័យឡើយ

ជារឿងមួយគួរឲ្យសរសើរសម្រាប់ក្រុមការពារជើងឯក ៣ សម័យកាល ( ២សម័យជាប់គ្នា ) បឹងកេត ដែលអាចរក្សាកំណត់ត្រាដ៏ល្អមួយគឺ មិនទាន់ស្គាល់បរាជ័យ ក្នុងលីគលំដាប់កំពូលកម្ពុជា ១៨ប្រកួត ។

ក្រោមការដឹកនាំដ៏ល្អរបស់គ្រូបង្វឹក License B ( AFC ) លោក ហៅ សុជាតិ បានលើកឡើងថា « ប្រកួតនេះគឺតានតឹងសម្រាប់យើង ព្រោះកីឡាករខ្លះមានរបួស ជាហេតុឲ្យការត្រៀមខ្លួនមិនបានល្អតាមការចង់បាននោះទេ » ។
តែយ៉ាងណាក៏ដោយ គ្រូបង្វឹកដដែលរូបនេះអះអាងថា នឹងមិនឲ្យប្រវត្តិសាស្រ្តច្រំដែរនោះទេ គ្រាដែល បឹងកេត ធ្លាប់ត្រូវភ្នំពេញក្រោន បំបាក់ដល់ទៅ ៤-០ កាលពីជួបគ្នាក្នុងលីគនៅកីឡដ្ឋាន RSN ចុងក្រោយបំផុត ពោលគឺរដូវកាលមុន ។

ចាំមើលថាតើ ភ្នំពេញក្រោន អាចបំបែកកំណត់ត្រាមិនស្គាល់បរាជ័យដ៏វែងឆ្ងាយរបស់បឹងកេត បានឬទេ ក្នុងការជួបគ្នាល្ងាចនេះ នៅក្នុងទឹកដីរបស់ខ្លួន ៕

ការប្រកួតដទៃទៀត គឺក្រុមឡើងជើង វិសាខា ត្រូវតទល់ជាមួយព្រះខ័នរាជស្វាយរៀង ដែលជាក្រុមខ្លាំង ប៉ុន្តែអវត្តមានកីឡាករសំខាន់ៗជាច្រើន ដោយសារត្រូវគណៈកម្មការវិន័យរបស់ FFC សម្រេចពិន័យ កាលពីសប្តាហ៍មុន ។ ពួកគេនឹងប្រកួតគ្នានៅម៉ោង ៣រសៀល នៅកីឡដ្ឋាន វេស្ទើន ។

ចាកចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប គឺជាការប្រកួតប្រចាំខេត្ត រវាងក្រុម អង្គរថាយហ្គឺរ ទល់នឹង សូលទីឡូអង្គរ ដែលនឹងចាប់ផ្តើមនៅម៉ោង ៣:៣០នាទីរសៀល លើទីលានបាល់ទាត់ខេត្តសៀមរាប ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT