សប្តាហ៍ទី៩ ជឿជាក់ថាជាសប្តាហ៍មួយដែលប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ទន្ទឹងរង់ចាំ ទស្សនា ក្រុមចំណូលចិត្តរបស់ពួកគេ តទល់គ្នា ដោយសុទ្ធសឹងតែក្រុមខ្លាំងប៉ះគ្នាតែម្តង ពិសេស បឹងកេត ទល់នឹង ភ្នំពេញក្រោន ។
ទោះមានក្រុមខ្លាំងផ្សេងទៀតជាច្រើនក៏ដោយ ប៉ុន្តែជំនួបរវាងក្រុមទាំងពីរ គឺត្រូវបានចាត់ទុកថាជាប្រកួតប្រចាំលីគកំពូលកម្ពុជា នាប៉ុន្មានរដូវកាលចុងក្រោយនេះ។
មានរឿងមួយដែលពិតជាមិនគួរឲ្យជឿ គឺ បឹងកេត ត្រូវទៅសួរសុខទុក្ខ ភ្នំពេញក្រោន នៅកីឡដ្ឋាន RSN ចំសប្តាហ៍ទី ៩ ជើងទី១ដូចគ្នាកាលពីឆ្នាំ២០១៧ ដែល ភ្នំពេញក្រោនឈ្នះ ៤-០ ។ ៤គ្រាប់នោះ គឺកើតចេញពីការស៊ុតបញ្ជូលទីរបស់ កែវ សុខង៉ន ២គ្រាប់ កែវ សុខផេង និង ប្រាក់ ធីវ៉ា ម្នាក់ ១គ្រាប់ ។
គិតមកត្រឹមនឹងសប្តាហ៍ទី ៩ នៃរដូវកាលថ្មីនេះ ភ្នំពេញក្រោន ប្រកួតក្នុងផ្ទះ ៤លើក ឈ្នះ ២ ស្មើ ១ និងចាញ់ ១ ពោលគឺចាញ់ណាហ្គាវើល ១-០ ក្នុងសប្តាហ៍ទី ៤ ។
បឹងកេតវិញ ៨ប្រកួតមិនទាន់ស្គាល់បរាជ័យ ខណៈដែលកម្លាំងប្រយុទ្ធជួរមុខរបស់ពួកគេ កំពុងតែត្រូវទម្រង់លេង គឺអ្នកក្លាហានទាំងពី Julius និង Maycon ដែលសរុបគ្រាប់បាល់ស៊ុតបញ្ចូលទី ១៥គ្រាប់ ។
តើជំនួបនៅម៉ោង ៦ល្ងាច ថ្ងៃសៅរ៍ ទី ៩ ខែ មិថុនា ឆ្នាំ ២០១៨ នេះ ភ្នំពេញក្រោន អាចបញ្ចប់កំណត់ត្រាល្អឥតខ្ចោះរបស់បឹងកេតបានឬទេ ?